ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 28 October 2026

ក្រសួងទេសចរណ៍ ប្តេជ្ញាសម្រេចលទ្ធផលជាក់ស្តែងតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣៥.....


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការកំណត់សូចនាករយុទ្ធសាស្ត្រគន្លឹះ ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ ២០២៦-២០៣៥។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍ ក្នុងគោលបំណងប្រមូលធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាការកំណត់សូចនាករមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចវាស់វែងបាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្ត្រដ៏ល្អមួយ មិនមែនស្ថិតនៅលើភាពល្អឥតខ្ចោះនៃឯកសារនោះទេ ប៉ុន្តែវាស់វែងតាមរយៈលទ្ធផលជាក់ស្តែងនៃការអនុវត្ត។ ឯកឧត្តមបានចាត់ទុកសូចនាករយុទ្ធសាស្ត្រគន្លឹះថាជាត្រីវិស័យសម្រាប់តម្រង់ទិស ជាឧបករណ៍វាស់វែងវឌ្ឍនភាព និងជាមូលដ្ឋានគ្រឹះនៃគណនេយ្យភាព ដើម្បីធានាឱ្យមានភាពស៊ីចង្វាក់គ្នារវាងគោលដៅ សកម្មភាព និងថវិកា។

ដើម្បីពង្រឹងភាពធន់ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចអំពីទិសដៅការងារអាទិភាពចំនួន ៨ រួមមាន៖ ការជំរុញទេសចរណ៍ក្នុងស្រុក ការពង្រីកទីផ្សារទេសចរណ៍ទាំងចាស់ និងថ្មី ការចាប់យកយុទ្ធសាស្ត្រទីផ្សារបូក១ ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងអំណាចទន់តាមរយៈទេសចរណ៍ភាពយន្ត កម្មវិធីវប្បធម៌ ការទាក់ទាញព្រឹត្តិការណ៍អន្តរជាតិ និងទេសចរណ៍កីឡា រួមទាំងការកាត់បន្ថយការលេចធ្លាយសេដ្ឋកិច្ចក្នុងវិស័យនេះ។

បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំចំនួន ៣ ដើម្បីធានាជោគជ័យនៃការអនុវត្ត រួមមាន៖ ការរក្សាភាពបត់បែនទៅតាមស្ថានភាពសេដ្ឋកិច្ច និងនិន្នាការទីផ្សារ ការលើកកម្ពស់គុណភាពសូចនាករដោយផ្អែកលើទិន្នន័យជាក់ស្តែង និងការពង្រឹងកិច្ចសហការតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ រវាងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ សុទ្ធសឹងតែស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដើម្បីផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋកម្ពុជា។






No comments:

Post a Comment