ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការរៀបចំ និងអភិវឌ្ឍលំនៅឋានជូន ប្រជាពលរដ្ឋ មិនមែនគ្រាន់តែជាការសាងសង់សំណង់ រឹងមាំសម្រាប់ជ្រកកោនប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាឱ្យបាននូវការកសាងជីវភាពរស់នៅដ៏សុខដុមរមនា សមាហរណកម្ម និងភាពធន់នៅក្នុងសហគមន៍ផ្ទាល់។ការលើកឡើងនេះបានធ្វើឡើងនាឱកាសបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើសេចក្តីព្រាង «គម្រោងកែលម្អការតាំងទីលំនៅរបស់សហគមន៍ប្រកបដោយសមាហរណកម្ម និងភាពធន់ តាមបណ្ដាខេត្តក្នុង តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា» ដែលបាន ប្រព្រឹត្តទៅនៅទីស្តីការក្រសួងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលការណ៍យុទ្ធសាស្ត្រគន្លឹះមួយចំនួនសម្រាប់ជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍភូមិឋាន និងសហគមន៍មូលដ្ឋាន រួមមាន៖ ការអភិវឌ្ឍជនបទនិងសហគមន៍ ត្រូវធានាឱ្យគ្រប់ភូមិ ឋានមានប្រព័ន្ធទឹកស្អាត អគ្គិសនី ផ្លូវថ្នល់ និងសាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋ ព្រមទាំងបង្កើតបរិយាកាស សុវត្ថិភាពសង្គមដែលផ្តល់ទំនុកចិត្តដល់ការរស់នៅ។ការលើកកម្ពស់សុខុមាលភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ លើអនាម័យ សុខភាព និងការរស់នៅប្រកបដោយ ផាសុកភាព ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ចំណែកការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺផ្តោតលើការ បង្កើតមុខរបរ និងបង្កើនប្រាក់ចំណូល ដើម្បីឱ្យ ប្រជាពលរដ្ឋអាចពឹងផ្អែកលើខ្លួនឯងបានប្រកបដោយ ចីរភាពក្នុងរយៈពេលវែង។
គួរកត់សម្គាល់ថា បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងបានបង្វែរទិសដៅផ្តោតលើការងារលំនៅឋាន និងដីសម្បទានសង្គមកិច្ច/សេដ្ឋកិច្ច ដោយអនុវត្តតាមគោលការណ៍យុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ «បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល» សំដៅបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ពីនេះទៅមុខ សូមផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយប្រជាជនយើងឱ្យចំកន្លែង និងចំគោលដៅ។ ក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល និងមានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យសុខភាពរឹងមាំ ដែលជាការកសាងធនធានមនុស្សសម្រាប់ជាតិ។
ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងរៀបចំដែនដី បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ឱ្យបន្តពង្រឹងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់មិនរៀបរយ ដូចជាបងប្អូននៅខេត្តកែបជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិធំៗជាច្រើន ដូចជា World Bank, JICA, KOICA, UNDP, UN-Habitat និង HFHC ៕





No comments:
Post a Comment