ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Friday, 4 September 2026

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន....


ឆ្លើយតបតាមការអំពាវនាវរបស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០.០០០ដុល្លារអាម៉េរិក ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន។

សូមជម្រាបជូនថា ភ្លាមៗក្រោយពីគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែនប្រទេសចិន និងប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានក្តីតក់ស្លុតរន្ធត់ចិត្តឥតឧបមា និងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតជាង ១ពាន់នាក់ រាប់ពាន់នាក់កំពុងបាត់ខ្លួន និងប្រជាពលរដ្ឋជាង ១ម៉ឺននាក់ទៀតត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមជូនពរឱ្យការស្តារឡើងវិញបានឆាប់រហ័សនៅតំបន់ដែលរងការបំផ្លិចបំផ្លាញ និងសូមជូនពរឱ្យប្រជាជននេប៉ាល់ទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងការងារ៕ 




No comments:

Post a Comment