សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវសិរីករុណាបុទុមរតន៍ អគ្គមហាឧបាសិកាបណ្ឌិត ម៉ៅ មាល័យ បានអញ្ជើញអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ ព្រះអវលោកេតេស្វារៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងមាតុភូមិ ដែលបានប្រារព្ធឡើងនៅប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងពិធីនោះផងដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។ សូមឱ្យប្រទេសជាតិជៀសផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះធម្មជាតិផ្សេងៗ សូមឱ្យមានទេសចរណ៍ចូលមកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេស សូមឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងជួរមុខតាមបន្ទាត់ព្រំដែនសូមមានសុខភាពល្អ ទទួលបានជោគជ័យក្នុងការការពារបូរណភាពទឹកដី និងសូមឱ្យសម្រេចរាល់បំណងប្រាថ្នា របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាទទួលជោគជ័យគ្រប់ការងារ និងសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្តទៀត។
គួររំលឹកផងដែរថា ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមានវ័យចំណាស់ កសាងនៅចុងសតវត្សទី១២ ដើមសតវត្សទី១៣ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នប្រាសាទនេះ ត្រូវបានជួសជុល និងថែទាំបានត្រឹមត្រូវ ពីអាជ្ញាធរនៅក្នុងតំបន់នោះ។ ប្រាសាទនេះ មានចម្ងាយ ៦០គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារ កសាងដើម្បីឧទ្ទិសដល់បុត្រព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមស្រិន្ទ្រកុមារ។ ប្រាសាទវ័យចំណាស់មួយនេះ មានបណ្ដោយ ៧៧០ម៉ែត្រ និងទទឹង៦៩០ម៉ែត្រ៕







No comments:
Post a Comment