AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងមុតមាំថា សន្តិភាព វិបុលភាព និងស្ថិរភាព គឺជាធាតុផ្សំដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ហើយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានប្រែក្លាយពាក្យគន្លឹះទាំងបី គឺ «ការបង្ការ ការត្រៀមលក្ខណៈ និងការរីកចម្រើន» ឱ្យទៅជាសកម្មភាពជាក់ស្តែង តាមរយៈសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយសង្កត់ធ្ងន់ថា «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបញ្ជាក់ពីការពិតដ៏សាមញ្ញមួយ គឺសន្តិភាព វិបុលភាព និងស្ថិរភាព ត្រូវតែដើរទន្ទឹមគ្នា។ សន្តិភាពដែលគ្មានវិបុលភាព គឺជាសន្តិភាពដ៏ផុយស្រួយ។ វិបុលភាពដែលគ្មានសន្តិភាព គឺជារឿងដែលមិនអាចទៅរួចឡើយ។ ហើយបើគ្មានស្ថិរភាពទេ ទាំងសន្តិភាព និងវិបុលភាព ក៏មិនអាចស្ថិតស្ថេរបានដែរ»។
ពាក់ព័ន្ធនឹងសសរស្តម្ភចំនួនបី ដែលក្នុងនោះទី១. «ការបង្ការ» សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គការហ្វ្រង់កូហ្វូនីបានសម្រេចពង្រឹងតួនាទីរបស់ខ្លួនក្នុងការបង្ការវិបត្តិ និងការសម្រុះសម្រួល ដោយសហការជាមួយអង្គការសហប្រជាជាតិ និងអង្គការតំបន់នានា។ សម្តេចធិបតីបានមានប្រសាសន៍ថា ការបង្ការ គឺជាការធ្វើសកម្មភាពទាន់ពេលវេលា ខណៈដែលកិច្ចសន្ទនានៅតែអាចធ្វើទៅបាន ពោល គឺជាការស្តាប់គ្នាមុនពេលដែលកំហឹងប្រែក្លាយទៅជាអំពើហិង្សា។ សម្តេចធិបតីបានបន្ថែមថា សន្តិភាពពិតប្រាកដមិនមែនកើតចេញពីការចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវកសាងឡើងដោយមានការចូលរួមពីប្រជាជន ស្ត្រី យុវជន និងសង្គមស៊ីវិល។
ចំពោះសសរស្តម្ភទី២៖ «ការត្រៀមលក្ខណៈ» ដោយសម្តេចធិបតីបានផ្តោតការយកចិត្តទុកដាក់លើការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបញ្ហាបម្រែបម្រួលអាកាសធាតុ។ សម្តេចធិបតីបានថ្លែងសង្កត់ធ្ងន់អំពីអនាគតនៃភាសាបារាំង ក្នុងយុគសម័យឌីជីថល និងបញ្ហាបរិស្ថានយ៉ាងដូច្នេះថា «បញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរពិភពលោករបស់យើងរួចទៅហើយ។ យើងបានធ្វើការជ្រើសរើសមួយគឺការជ្រើសរើសប្រកបដោយទំនួលខុសត្រូវ យើងចែករំលែកចំណេះដឹងរបស់យើង និងការពារអ្នកបង្កើតស្នាដៃរបស់យើង។ ចំពោះភាសាបារាំងត្រូវតែមានវត្តមានរស់រវើកនៅក្នុងប្រព័ន្ធទិន្នន័យ ព្រោះភាសាណាដែលអវត្តមានពីបច្ចេកវិទ្យានាពេលបច្ចុប្បន្ន នឹងត្រូវបាត់បង់ពីការសម្រេចចិត្តនានាក្នុងពេលឆាប់ៗខាងមុខ។ ការត្រៀមលក្ខណៈសម្រាប់អនាគត ក៏ជាការការពារភពផែនដីផងដែរ វិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ន គឺជាវិបត្តិសន្តិភាពនាពេលអនាគត»។
ដោយឡែក សម្រាប់សសរស្តម្ភទី៣ គឺ «ការរីកចម្រើន» ដោយសម្តេចមហាបវរធិបតីបានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយសម្រាប់កម្ពុជា និងតំបន់ ដោយកិច្ចប្រជុំកំពូលបានសម្រេចបង្កើត «ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី» នៅរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់អង្គការហ្វ្រង់កូហ្វូនី ដោយរំពឹងថាការិយាល័យនេះនឹងក្លាយជាស្ពានតភ្ជាប់យ៉ាងសំខាន់រវាងសហគមន៍ហ្វ្រង់កូហ្វូនី ជាមួយតំបន់អាស៊ាន និងសហគមន៍ប៉ាស៊ីហ្វិក។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានធ្វើការអំពាវនាវយ៉ាងទទូចឱ្យមានការរួមគ្នាការពារ និងថែរក្សាបេតិកភណ្ឌវប្បធម៌ ដែលជាដួងព្រលឹង និងការចងចាំរបស់ប្រជាជាតិនានា ដើម្បីផ្ទេរបន្តទៅមនុស្សជំនាន់ក្រោយ ដោយសម្តេចបានលើកឡើងជាឃ្លាប្រកបដោយអត្ថន័យជ្រាលជ្រៅថា «នៅពេលដែលប្រាសាទមួយរងការបំផ្លិចបំផ្លាញ វាមិនមែនគ្រាន់តែជាការបាត់បង់ថ្មប៉ុណ្ណោះទេ ប៉ុន្តែ គឺមនុស្សជាតិទាំងមូលដែលបាត់បង់តម្លៃរបស់ខ្លួនបន្តិចម្តងៗ»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលជាត្រីវិស័យថ្មីក្នុងការពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នវានុវត្តន៍បច្ចេកវិទ្យា និងការថែរក្សាសន្តិភាពក្នុងពិភពនិយាយភាសាបារាំង៕ ដោយ៖ យា ចិន្តាខន្តី





No comments:
Post a Comment