AKP ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានសម្រេចបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី នៅទីក្រុងភ្នំពេញ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសថ្លែងពិធីបិទកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការិយាល័យនេះ នឹងត្រូវតែក្លាយជាស្ពានតភ្ជាប់មួយ ជាមួយអាស៊ាន និងជាមួយសហគមន៍ប៉ាស៊ីហ្វិក ហើយក៏ក្លាយជាការអំពាវនាវសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌ ផងដែរ។ សម្ដេចធិបតីបានរំលេចផងដែរថា ពេលវេលា និងការចងចាំ បានឆ្លងកាត់ប្រជាជាតិជាច្រើនដែលបានតស៊ូឆ្លងកាត់អតីតកាល ហើយអ្វីដែលបន្សល់ទុកទាំងនោះ គឺការផ្ទេរបន្តទៅជំនាន់ក្រោយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់ថា៖ «ការឈានដល់កុងសង់ស៊ីស (ការព្រមព្រៀងជាឯកច្ឆន្ទ) ទាមទារឱ្យមានការអត់ធ្មត់ ហើយកុងសង់ស៊ីសពិតប្រាកដ មិនមែនលុបបំបាត់ភាពខុសគ្នារបស់យើងទេ ប៉ុន្តែវាធ្វើឱ្យយើងអាចឆ្លងផុតភាពខុសគ្នាទាំងនោះបាន»។
ក្នុងនាមប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រប់រូប ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ ហើយវត្តមានរបស់អ្នកទាំងអស់គ្នា គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តម ហើយក៏ជាសញ្ញានៃទំនុកចិត្ត និងមិត្តភាពផងដែរ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា សេចក្តីថ្លែងការណ៍មួយ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយអត្ថបទឯកសារនៃទីក្រុងភ្នំពេញ នឹងមានតម្លៃទៅតាមអ្វីដែលយើងនឹងអនុវត្តនៅថ្ងៃស្អែក។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ពិភពលោកកំពុងសម្លឹងមើលមកយើង មិនមែនមើលលើអ្វីដែលយើងបានសរសេរនៅទីនេះទេ ប៉ុន្តែមើលលើអ្វីដែលយើងនឹងធ្វើចាប់ពីពេលនេះតទៅ។ ការកសាងសន្តិភាពត្រូវការពេលវេលារាប់ជំនាន់មនុស្ស ប៉ុន្តែការបំផ្លាញវាវិញ ត្រូវការពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអះអាងបន្ថែមថា៖ «យើងបានមកដល់ទីនេះ ជាមួយនឹងប្រវត្តិសាស្ត្រ និងភាពខុសគ្នារបស់យើង ហើយយើងត្រឡប់ទៅវិញ ជាមួយនឹងទំនួលខុសត្រូវរួមគ្នាមួយ គឺធ្វើយ៉ាងណាឱ្យស្មារតីនៃទីក្រុងភ្នំពេញ ស្ថិតនៅជាប់ជានិច្ចក្នុងសកម្មភាព ក្នុងការសម្រេចចិត្ត និងក្នុងជីវិតរបស់យើង»៕ ដោយ៖ រិទ្ធី




No comments:
Post a Comment