ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 21 October 2026

អបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និងពិធីបើក «វេទិកាសន្ទនាស្តីពីការជំរុញលំហូរភ្ញៀវទេសចរតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងវេទិកាផ្គូផ្គងវិនិយោគទេសចរណ៍កម្ពុជា-ឡាវ»......


ស្ទឹងត្រែង៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ស៊ួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈធិបតីក្នុងពិធីបើកជាផ្លូវការនៃកម្មវិធីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង ក្នុងគោលបំណងអបអរសាទរចំណងមិត្តភាពដ៏យូរអង្វែង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រមាណ ២៥០នាក់។

ព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ក្នុងការលើកកម្ពស់សក្តានុពលទេសចរណ៍ និងផ្សព្វផ្សាយភាពទាក់ទាញនៃគោលដៅទេសចរណ៍ក្នុងតំបន់ តាមរយៈការតភ្ជាប់គោលដៅទេសចរណ៍រវាងកម្ពុជា និងឡាវ ដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរថ្មីៗ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន តាមរយៈការរៀបចំវេទិកាពិភាក្សាស្តីពីការតភ្ជាប់ទេសចរណ៍តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងការផ្គូផ្គងវិនិយោគទេសចរណ៍ ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ បង្កើនឱកាសវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សូមជម្រាបជូនថា កម្មវិធីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា និងបន្តនៅខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានសកម្មភាពជាច្រើនក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។



No comments:

Post a Comment