ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 21 October 2026

កម្ពុជា និងជប៉ុន ជួបប្រជុំលើកទី៣២ ពិភាក្សាលើកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ.....


នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតី ដឹកនាំកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ស្តីពី សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើនជំនឿទុកចិត្តជូនដល់សហគមន៍ធុរកិច្ចជប៉ុន សំដៅទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

កិច្ចប្រជុំនាឱកាសនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, សមាជិកក្រុមការងារសហបង្កើតធុរកិច្ច (BCT) តាមក្រសួង-ស្ថាប័ន និងតុជំនាញតាមវិស័យ, តំណាងសមាគមពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅកម្ពុជា (JBAC), តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃជប៉ុន (JICA) ប្រចាំកម្ពុជា, តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំរាជធានីភ្នំពេញ, ព្រមទាំងតំណាងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មអាស៊ាន-ជប៉ុន (AMEICC)។

កិច្ចប្រជុំលើកទី៣២ នេះ គឺជាយន្តការសន្ទនាផ្លូវការដ៏មានប្រសិទ្ធភាព និងជាវេទិកាយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនជប៉ុន ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះសំណូមពរ ក៏ដូចជាលុបបំបាត់របាំងធុរកិច្ចផ្សេងៗ។ តាមរយៈកិច្ចប្រជុំនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកែលម្អបរិយាកាសវិនិយោគ ធានានូវតម្លាភាព និងភាពព្យាករណ៍បាន ដើម្បីទាក់ទាញ និងរក្សាទុកនូវវិនិយោគិនជប៉ុន ព្រមទាំងបង្កើនទំនុកចិត្តលើការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានចីរភាព និងរីកចម្រើនឥតឈប់ឈរ៕ 





No comments:

Post a Comment