AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ក្នុងខណៈដែលឯកឧត្ដមអញ្ជើញមកបំពេញទស្សកិច្ចនៅកម្ពុជា នាពេលខាងមុខ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបារាំង នាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោអំពីគោលបំណងនៃការជួបជាមួយនឹងសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មកកាន់ប្រទេសកម្ពុជា នៅពេលខាងមុខ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តមក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោទាក់ទងនឹងគម្រោងរបស់ឯកឧត្តមប្រធានាធិបតីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេច ផងដែរ។
សម្ដេចតេជោប្រធានព្រឹទ្ធសភាបានសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសគឺការត្រៀមលក្ខណៈនៅក្នុងការជួបពិភាក្សារវាងសម្ដេច ជាមួយនឹងឯកឧត្តមប្រធានាធិបតីបារាំង នាពេលខាងមុខ។ សម្ដេចតេជោក៏ត្រៀមនៅក្នុងការជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។
សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែមទៀត។ សម្ដេចតេជោបានពេញចិត្តនៅក្នុងការពង្រឹងនូវកិច្ចការនេះជាមួយនឹងបារាំង ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរនៅក្នុងវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា៕


No comments:
Post a Comment