ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Tuesday, 27 October 2026

ឯកឧត្តម នេត្រ ភក្ត្រា ប្រកាសដាក់ចេញវិធានការសំខាន់ៗចំនួន ៥ ក្នុងយុទ្ធនាការ «ឆន្ទៈល្អលើកទី២» ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង....


ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានប្រកាសដាក់ចេញនូវវិធានការចំនួន ៥ ចំណុចសំខាន់ៗ ក្នុងយុទ្ធនាការ «ឆន្ទៈល្អលើកទី២» ដើម្បីពង្រឹងការគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងឱ្យមានប្រសិទ្ធភាព និងភាពទទួលខុសត្រូវ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាលមិនមែនជាការរឹតត្បិតធុរកិច្ច ឬបិទការផ្សាយពាណិជ្ជកម្មនោះទេ ប៉ុន្តែគឺការរៀបចំសណ្តាប់ធ្នាប់ទីផ្សារ ការធានាការគោរពច្បាប់ និងការការពារសុខុមាលភាពសាធារណៈ។

វិធានការទាំង ៥ ចំណុចដែលត្រូវយកទៅអនុវត្តរួមមាន៖

១. ពង្រឹងការអនុវត្តច្បាប់៖ តម្រូវឱ្យគ្រប់ការផ្សព្វផ្សាយត្រូវគោរពតាមប្រកាស និងសេចក្តីណែនាំនានា ជាពិសេសការហាមឃាត់ការផ្សាយបែបបំផ្លើស ការកំណត់ម៉ោងផ្សាយតាមវិទ្យុ-ទូរទស្សន៍ និងការរក្សាគម្លាត ២០០ម៉ែត្រពីទីតាំងសំខាន់ៗដូចជា សាលារៀន គ្រឹះស្ថានសុខាភិបាល និងទីតាំងសាសនា។ ក្រុមហ៊ុនត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាថាខ្លឹមសារដែលផ្សាយមិនខុសពីការអនុញ្ញាត។

២. ការពារកុមារ និងអនីតិជន៖ ការផ្សាយពាណិជ្ជកម្មត្រូវជៀសវាងការប្រើប្រាស់រូបភាព ឬបច្ចេកទេសឌីជីថលដែលទាក់ទាញកុមារ និងអនីតិជន។ ក្រុមហ៊ុនត្រូវមានការទទួលខុសត្រូវក្នុងការជ្រើសរើសទម្រង់មាតិកា និងក្រុមគោលដៅអ្នកទស្សនា។

៣. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងវប្បធម៌ជាតិ៖ ការផ្សាយពាណិជ្ជកម្មត្រូវមានភាពច្នៃប្រឌិតដោយមិនចាំបាច់បន្ទាបសេចក្តីថ្លៃថ្នូររបស់ស្ត្រី ឬប្រើប្រាស់រាងកាយស្ត្រីជាឧបករណ៍ពាណិជ្ជកម្ម។

៤. ផ្លាស់ប្តូរការផ្សាយពីផលិតផល មកជាការរួមបញ្ចូលសារអប់រំ៖ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនកាត់បន្ថយការផ្សាយរូបភាពផលិតផល និងបង្កើនការដាក់សារអប់រំសុខភាព និងសុវត្ថិភាពចរាចរណ៍ឱ្យបានច្បាស់លាស់។ គួរបញ្ជាក់ថា តាមរយៈកិច្ចសហការពីមុនមក ផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងមានការថយចុះយ៉ាងខ្លាំង ហើយក្រុមហ៊ុនជាច្រើនបានប្តូរទៅផ្សព្វផ្សាយទឹកបរិសុទ្ធវិញ។

៥. ពង្រឹងការគ្រប់គ្រងទីតាំង និងបណ្តាញផ្សព្វផ្សាយ៖ ការអនុវត្តច្បាប់ត្រូវអនុវត្តស្មើគ្នាចំពោះទាំងប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល (Facebook, TikTok)។ មិនអាចមានករណីហាមឃាត់នៅទូរទស្សន៍ ប៉ុន្តែទៅបង្ហោះនៅលើបណ្តាញសង្គមដោយគ្មានការទទួលខុសត្រូវឡើយ។

ក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមមាន ក្រុមហ៊ុនផលិត ទីភ្នាក់ងារផ្សព្វផ្សាយ សិល្បករ-សិល្បការិនី (Influencers) អង្គភាពសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យចូលរួមអនុវត្តតាមយុទ្ធនាការនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចត្រូវដើរទន្ទឹមនឹងសុខភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕ 







No comments:

Post a Comment