ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 22 October 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសចាត់វិធានការដាច់ខាតចំពោះជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច និងមន្ត្រីខិលខូចដែលប្រព្រឹត្តអំពើខុសច្បាប់......


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់របស់ជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក៏ដូចជាមន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលប្រព្រឹត្តខុសវិន័យ និងបទល្មើសព្រហ្មទណ្ឌ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាល់ទង្វើរបស់ជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ដូចជាការក្លែងឯកសារ ប័ណ្ណសម្គាល់ខ្លួន ឬឯកសណ្ឋាន ដើម្បីឃាត់ខ្លួន ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ខ្លួនពលរដ្ឋដោយខុសច្បាប់ក្នុងគោលបំណងទាញយកផលប្រយោជន៍ គឺជាបទល្មើសព្រហ្មទណ្ឌ។ ក្នុងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេត កំណត់មុខសញ្ញា និងចាប់ខ្លួនជនល្មើសដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានព្រមានយ៉ាងធ្ងន់ៗចំពោះមន្ត្រីនគរបាលជាតិ ឬមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដែលគ្មានភារកិច្ចតែបែរជាប្រើអំណាចទៅឃាត់ខ្លួន សាកសួរ ឬគំរាមកំហែងពលរដ្ឋស្លូតត្រង់ ដើម្បីទាមទារផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមខ្លួន (ក្នុងទម្រង់ «ធ្វើស៊ី»)។ ឯកឧត្តមបញ្ជាក់ថា សកម្មភាពទាំងនេះនឹងត្រូវអនុវត្តវិន័យយ៉ាងតឹងរ៉ឹង ដោយត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការបន្ត ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

ដើម្បីធានាបាននូវយុត្តិធម៌ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើជួបប្រទះករណីខាងលើ សូមប្រញាប់រាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដែលនៅជិតបំផុត។ អង្គភាពទាំងនេះមានកាតព្វកិច្ចត្រូវទទួល និងចាត់ការពាក្យបណ្តឹងទាំងនោះជាដាច់ខាត។

បន្ថែមពីលើការដាក់ពាក្យបណ្ដឹងផ្ទាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍តាមប្រព័ន្ធអនឡាញនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់ https://css-gdin.interior.gov.kh/home នៅពេលមានករណីចាំបាច់៕





No comments:

Post a Comment