ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 22 October 2026

ក្រសួងអប់រំ និងមហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង សហការគ្នាបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដោយផ្ដោតសំខាន់លើការអប់រំកុមារតូច....


នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងមហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង នៃទីក្រុងហុងកុង (Yew Chung College of Early Childhood Education - YCCECE) និងក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី «កិច្ចសហប្រតិបត្តិការកម្មវិធីអប់រំកុមារតូច» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាវិទ្យាល័យអប់រំកុមារតូច យ៉េវជុង ដែលបានផ្ដួចផ្ដើម និងបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ ជាពិសេសការអប់រំកុមារតូចដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអប់រំកុមារតូចគឺជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរាងកាយ បញ្ញាស្មារតី ភាសា ទំនាក់ទំនង និងបំណិនសង្គមជាដើម ដែលនឹងជួយឱ្យកុមារត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀននៅកម្រិតបឋមសិក្សា និងទទួលបានលទ្ធផលសិក្សាល្អប្រសើរ។ ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការកែលម្អការអនុវត្តគរុកោសល្យ និងការគាំទ្រដល់ការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ ការពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយស្ថាប័នអប់រំដែលមានបទពិសោធ និងជំនាញវិជ្ជាជីវៈ គឺជាកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍគុណភាពអប់រំកុមារតូចឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាថាការថែទាំ ការអប់រំ និងការជំរុញការអភិវឌ្ឍកុមារតាំងពីវ័យដំបូងនេះ អាចផ្ដល់នូវជំនាញសង្គម ភាពធន់ និងសមត្ថភាពរៀនសូត្រពេញមួយជីវិតសម្រាប់ជោគជ័យនាពេលអនាគត។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍវិជ្ជាជីវៈ និងការចូលរួមជាមួយសហគមន៍ ដោយផ្ដោតសំខាន់លើការអប់រំកុមារតូច។ ផ្អែកលើអនុស្សរណៈនេះ ភាគីទាំងពីរមានផែនការកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា៖

-ការបណ្ដុះបណ្ដាលគ្រូបង្រៀន និងឱកាសអប់រំ៖ YCCECE មានបំណងផ្ដល់ការបណ្ដុះបណ្ដាល និងឱកាសអប់រំសម្រាប់គ្រូបង្រៀនមុនពេលបម្រើការងារ និងក្នុងពេលបម្រើការងារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈ ក៏ដូចជាពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ពួកគេក្នុងការអប់រំកុមារតូច។

-អាហារូបករណ៍៖ ភាគីទាំងពីរមានបំណងស្វែងរកឱកាសក្នុងការសហការរៀបចំ និងឧបត្ថម្ភមូលនិធិរួមគ្នាសម្រាប់កម្មវិធីអាហារូបករណ៍ ដើម្បីគាំទ្រដល់សិស្សានុសិស្ស គ្រូបង្រៀន និងអ្នកអប់រំក្នុងវិស័យអប់រំកុមារតូច។

-ការទទួលស្គាល់កម្មវិធី និងគុណវុឌ្ឍិរបស់ YCCECE នៅកម្ពុជា៖ ភាគីទាំងពីរនឹងខិតខំសម្របសម្រួលដំណើរការនៃការទទួលស្គាល់កម្មវិធី និងគុណវុឌ្ឍិរបស់ YCCECE នៅកម្ពុជា។

-ឱកាសសិក្សារៀនសូត្រតាមរយៈបទពិសោធនៅកម្ពុជា៖ ក្រសួងអប់រំ យុវជន និងកីឡាមានបំណងសម្របសម្រួលឱកាសរៀនសូត្រតាមរយៈបទពិសោធនៅកម្ពុជាសម្រាប់សិស្សានុសិស្ស និងអ្នកអប់រំដែលពាក់ព័ន្ធនឹង YCCECE ក្នុងគោលបំណងឱ្យអ្នកចូលរួមទទួលបានការយល់ដឹងជាក់ស្ដែងអំពីការអប់រំកុមារតូចនៅកម្ពុជា និងលើកកម្ពស់ការផ្លាស់ប្ដូរផ្នែកអប់រំ និងវប្បធម៌នៃភាគីទាំងពីរ៕






No comments:

Post a Comment