ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Friday, 18 September 2026

បទវិចារណកថា៖ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបង្ហាញអន្តរជាតិកាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា......

AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជានឹងរៀបចំ “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅរាជធានីភ្នំពេញ ដែលនឹងប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។ជាការពិតណាស់ យើងជឿជាក់ថា នៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ រាជរដ្ឋាភិបាលកម្ពុជានឹងបញ្ជូនសារយ៉ាងជាក់ច្បាស់លាស់ស្តីពីឆន្ទៈនយោបាយ និងលទ្ធផលជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងការពារកិត្តិយសជាតិលើឆាកអន្តរជាតិ។សន្និសីទអន្តរជាតិនេះ ជាពេលវេលាសម្រាប់រាជរដ្ឋាភិបាល បង្ហាញជំហរប្រាកដប្រជារបស់អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា ក្នុងការបន្តវិធានការក្តៅ និងមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams ក្នុងនោះគឺការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសនេះឱ្យអស់ពីទឹកដីកម្ពុជា។ទន្ទឹមគ្នានេះ វាក៏ជាឱកាសសម្រាប់កម្ពុជា បង្ហាញពីការចូលរួមយ៉ាងសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចខិតខំជាសកលដើម្បីទប់ទល់នឹងវិបត្តិឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហារួមរបស់ពិភពលោក។បន្ថែមពីនេះ នោះក៏ជាឱកាសដើម្បីស្តារមុខមាត់ និងស្តារកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជាឡើងវិញ បន្ទាប់ពីត្រូវបានប្រទេសជិតខាងមួយបានប្រើប្រាស់បញ្ហាជាសកលនេះ ជាលេសដើម្បីបំផ្លាញកិត្តិយសកម្ពុជា និងឈ្លានពានកម្ពុជា កាលពីឆ្នាំ២០២៥ បើទោះបីជាប្រទេសខ្លួនឯងជា មជ្ឈមណ្ឌល Online Scams ដ៏ធំមួយនៅអាស៊ីផងដែរ ដោយមានទាំងករណីបោកប្រាស់តាមរយៈការលក់ទំនិញក្លែងក្លាយ ការឆបោកស្នេហា និងការបោកបញ្ឆោតឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីពតូ (Crypto Scams) និងជាមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center Gangs) ជាដើម។យោងតាមការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថា ក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំងឆ្លងដែន និងមានមូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រែក្លាយខ្លួនទៅជា «អ្នកផ្តល់សេវាកម្មឧក្រិដ្ឋកម្ម» ដែលមានសកម្មភាពខុសច្បាប់ជាច្រើនប្រភេទ ក្នុងនោះក៏មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ប្រតិបត្តិការការខុសច្បាប់ដែលគេស្គាល់ថាជា «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» មាននៅស្ទើរគ្រប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងដែលប្រតិបត្តិការ ទន្ទឹមគ្នាជាមួយអាជីវកម្មល្បែងស៊ីសងស្របច្បាប់។ ចំពោះមុខបញ្ហានេះ កម្ពុជាមិនដែលព្រងើយកន្តើយសោះឡើយ នៅពេលដឹងថាក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ទឹកដីខ្លួន ជាទីតាំងឆបោកនោះ។យើងត្រូវដឹងដែរថា Online Scams ជាបទល្មើសឆ្លងដែន ដែលមេខ្លោងឧក្រិដ្ឋជន និងជនរងគ្រោះនៅកន្លែងផ្សេងគ្នា។ ដោយហេតុថា Online Scams ជាវិបត្តិសកល វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគ្មានប្រទេសណាមួយអាចដោះស្រាយបានតែឯងនោះឡើយ។ជាឧទាហរណ៍ ជាមួយនឹងការដាក់ចេញនូវវិធានការដ៏មុតស្រួច និងម៉ឺងម៉ាត់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានគាស់រំលើងក្រុមឧក្រិដ្ឋជនទាំងនេះ រួមទាំងការចាប់ខ្លួន ដាក់ទោស និងខ្លះត្រូវបានចាប់បញ្ជូនចេញទៅប្រទេសកំណើតរបស់ខ្លួនវិញជាបន្តបន្ទាប់។“បច្ចុប្បន្ននេះ កម្ពុជាគ្មានទៀតទេ ទីតាំងបទល្មើសឆបោកទ្រង់ទ្រាយធំ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ឯកឧត្តមក៏បានបន្ថែមផងដែរ៖ “សកម្មភាពឆបោកបន្តកើតមាន និងកំពុងផ្លាស់ប្តូររូបភាព ទៅជាប្រតិបត្តិការទ្រង់ទ្រាយតូចៗ ធ្វើសកម្មភាពតាមបន្ទប់ជួល ផ្ទះសំណាក់ ខុនដូ តាមផ្ទះ តាមរថយន្ត ហាងកាហ្វេជាដើម”។ជាការពិតណាស់ កម្ពុជាមិនដែលបដិសេធថាខ្លួនមិនមាន Online Scams នោះទេ ប៉ុន្តែកម្ពុជាក៏មិនបាននៅស្ងៀមនោះដែរ។ យុទ្ធនាការបង្រ្កាបយ៉ាងសស្រាក់សស្រាំ និងជាក់ស្តែងនាពេលកន្លងមក បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈមុតស្រួចរបស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ បើទោះជាក្រុមឧក្រិដ្ឋជនបានប្រើប្រាស់គ្រប់វិធីក៏ដោយ។អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ពិតណាស់នឹងមិនបណ្តោយឱ្យក្រុមនេះបន្តរស់រាននៅលើទឹកដីកម្ពុជាទៀតទេ!ដូច្នេះហើយ នៅក្នុងសន្និសីទនៅសប្តាហ៍ក្រោយនេះ កម្ពុជានឹងចែករំលែកជាមួយសហគមន៍អន្តរជាតិនូវលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបង្រ្កាប Online Scams និងលាតត្រដាងនូវទង្វើអាក្រក់របស់ប្រទេសក្បែរខាងដែលបានយកលេសបង្រ្កាប Online Scams ដើម្បីឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា។ម្យ៉ាងវិញទៀត នៅក្នុងសន្និសីទ ដែលនឹងចូលរួមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា (Cybersecurity) គ្រឹះស្ថានហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូអន្តរជាតិនានាមកពីជុំវិញពិភពលោក កម្ពុជាក៏នឹងផ្ញើសារយ៉ាងច្បាស់ទៅកាន់ពិភពលោក អំពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលជាវិបត្តិនៃសកលលោក។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “កម្ពុជានឹងធ្វើឱ្យពិភពលោកបានស្គាល់ថា កម្ពុជាបានបំផ្លាញ Online Scams”។ សម្តេចតេជោ ថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។នៅចំពោះមុខថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ចំនួន ២៦ប្រទេស និងអង្គការអន្តរជាតិពាក់ព័ន្ធមួយចំនួនក្នុងសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៧ កន្លងទៅនេះ នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា​ “ការប្រើប្រាស់ និងការអនុវត្តច្បាប់ក្រៅដែនអធិបតេយ្យ ចំពោះបទល្មើសឆ្លងដែន ដូចជាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជាលេសកាន់កាប់ទឹកដីប្រទេសដទៃដោយខុសច្បាប់ គឺជាទម្រង់សង្គ្រាមទំនើបមួយ នៅក្នុងយុគសម័យនេះឯង។ សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ គឺស្ថិតក្នុងស្ថានភាពនេះ! គេកំពុងកំពុងកាន់កាប់ទឹកដីរបស់យើងខ្ញុំ ដោយផ្អែកថា ទឹកដីយើងខ្ញុំខ្លះជាផ្នែកនៃល្បែងឆបោក!”។ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងសារជាច្រើនលើកច្រើនសារ រួមទាំងការផ្តល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានអន្តរជាតិធំៗជាច្រើនកន្លងមកដែរ ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាត Online Scams ឱ្យខាងតែបាន។កម្ពុជាគឺជាប្រទេសរងគ្រោះមួយដោយសារវិបត្តិសកលនេះ។ បទពិសោធនៃប្រតិបត្តិការរបស់កម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្តែងឱ្យឃើញថា នោះគឺការកំណត់យុទ្ធសាស្ត្រច្បាស់លាស់ ប្រព័ន្ធច្បាប់រឹងមាំ ការសម្របសម្រួលដោយយន្តការជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធ ទើបអាចបំបែកបណ្តាញឆ្លងដែននេះបាន។ដូច្នេះ កម្ពុជារំពឹងថា “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលកម្ពុជារៀបចំឡើងនាពេលនេះ នឹងក្លាយជាវេទិកាដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាផ្លាស់ប្តូរព័ត៌មាន គិតគូរកំណត់វិធានការដើម្បីកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម និងលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ កុំឱ្យបន្តក្លាយជាវិបត្តិសកលលោក។ក្នុងន័យនេះ កម្ពុជា សូមអំពាវនាវឱ្យប្រទេសទាំងអស់រួមគ្នាកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ Online Scams ដើម្បីសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់ទាំងអស់គ្នា!សរុបសេចក្តីមក កម្ពុជានៅតែបន្តប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យទាល់តែអស់ពីទឹកដីខ្លួន និងមិនអនុញ្ញាតឱ្យប្រទេសណាមួយបន្តបំភ័ន្តសហគមន៍អន្តរជាតិទៀតនោះទេ ព្រោះថាកិត្តិយសប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដូចសុភាសិតខ្មែរនិយាយថា «មាសសុទ្ធមិនខ្លាចភ្លើង» ឡើយ៕ 


No comments:

Post a Comment