ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 30 September 2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិននិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តក្រពើហា....


ខេត្តកណ្តាល៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមជាមួយឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ និងបុត្រា បុត្រី ចៅប្រុសស្រី ព្រមទាំង ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ជំនួយការ លោក លោកស្រី នៃខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២រដ្ឋសភា និងពុទ្ធបរិស័ទចំណុះ ជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៤ នៅវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន វីរជនស្នេហាជាតិ ញាតកាទាំង៧សន្តាន ពិសេសវីរកងទ័ពដែលបានពលីជីវិតការពារបូរណភាពទឹកដី ជាដើម។

សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំង ឯកឧត្តម វង សូត និងលោកជំទាវ បានអញ្ជើញបដិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូន ដល់ វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធ បុព្វបុរស អ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិតដើម្បីជាតិមាតុភូមិ។

ក្នុងពិធីកាន់បិណ្ឌទី៤នេះដែរ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ឯកឧត្តម វង សូត និង លោក ជំទាវ បានប្រគេននូវទេយ្យទាន ទេយ្យវត្ថុ រួមមាន៖អង្ករចំនួន១តោន ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច១០កេស មីជាតិ២កេសធំ ត្រីខ២កេសធំ ទឹកដោះគោខាប់២កេសធំ ស្កសរ ២បាវ  ប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្ត សាដក១ និងបច្ច័យ១លានរៀល ព្រះសង្ឃទាំង៨អង្គ ក្នុង១អង្គ សាដក១ និងបច្ច័យ ១០ម៉ឺនរៀល និងប្រគេនបច្ច័យបួនដល់ព្រះសង្ឃ ២១១ អង្គ ក្នុង១អង្គ បច្ច័យ ២ម៉ឺនរៀល លោកតាគណៈកម្មការវត្ត១៥នាក់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល និងចូលបច្ច័យកាន់ បិណ្ឌវេនទី៤ ចំនួន ២០លានរៀល។

ពិធីកាន់បិណ្ឌ ជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗ ទៀតដែលប្រជាពលរដ្ឋខ្មែរ តែងគោរពប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសល ដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានចែកឋាន ទៅលោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ (ដែលជាថ្ងៃបញ្ចប់ និងហៅថា បុណ្យភ្ជុំបិណ្ឌ) ប្រជាពលរដ្ឋខ្មែរគ្រប់រូបតែងឆ្លៀតពេលនាំយកចង្ហាន់ ម្ហូបអាហារ ផ្លែឈើ នំចំណី និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃគង់នៅតាមវត្តអារាមនានា។








No comments:

Post a Comment