ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូ ក៏បានអញ្ជើញជួបសម្តែងការគួរសម រំលែកទុក្ខដ៏ក្រៀមក្រំ និងបានពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOLITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។សម្តេចប្រធានរដ្ឋសភាមានសេចក្តីតក់ស្លុត សោកសង្រេងជាទីបំផុត ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ។ ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្នុងនាមបក្ស រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវមរណទុក្ខនិងសោកស្តាយជាទីបំផុត ជូន ឯកឧត្តមប្រធានរដ្ឋ និងគណបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនឡាវជាបងប្អូន ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រជាជាតិឡាវ ហើយក៏ជាការបាត់បង់ដ៏ជ្រាលជ្រៅមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដោយផ្ទាល់នាឱកាសនេះ។ឯកឧត្តមក៏បានអរគុណជាទីបំផុត ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ញើសាររំលែកទុក្ខ ជូន បក្ស រដ្ឋ និងប្រជាជនឡាវនៅក្នុងវេលាដ៏ក្រៀមក្រំនេះ។សមានចិត្តដ៏ស្មោះសរ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅនេះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាយូរលង់ណាស់មកហើយ។ ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ តែងតែជួយគ្នានៅគ្រាលំបាកនិងមានទុក្ខគ្រប់កាលៈទេសៈ។ឆ្លៀតនៅក្នុងឱកាសនោះ តាមរយៈ សម្តេចប្រធានរដ្ឋសភា ឯកឧត្តមប្រធានរដ្ឋ ក៏បានផ្តាំផ្ញើនូវការក្រាបថ្វាយបង្គំនូវការសាកសួរសុខទុក្ខ ថ្វាយ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើការសាកសួរសុខទុក្ខនិងក្តីនឹករលឹក ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ជាមួយគ្នានេះ ឯកឧត្តមស្នើ ជូន សម្តេចប្រធានរដ្ឋសភា បន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ពិសេសការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។សម្តេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តមិត្តភាពជាប្រពៃណី និងមិត្តភាពដ៏ពិសេស ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនទាំងសងខាង។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានចូលរួមអបអរសាទរ ជូន ឯកឧត្តមប្រធានរដ្ឋ ដែលត្រូវបានមហាសន្និបាតលើកទី១២ ជ្រើសតាំងបន្តអាណត្តិជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ សម្រាប់អាណត្តិ ៥ ឆ្នាំបន្ថែមទៀត។ សម្តេចមានជំនឿមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំបក្ស និងរដ្ឋ ប្រទេសឡាវជាមិត្តនឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួនឆ្នាំ២០៥៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ជាមិនខានឡើយ៕
Tuesday, 11 August 2026
Home
/
ព័ត៌មានជាតិ
/
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ......
សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ......
Tags
# ព័ត៌មានជាតិ
Morodok-Khmengwat
អង្គភាពសារព័ត៌មាន "មរតកក្មេងវត្ត" ចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃក្នុងន័យបំរើសង្គមជារួម ដោយមិនពាក់ពន្ធ័និន្នាការនយោបាយណាឡើយ ។ ចំពោះព័ត៌មានដែលចេញផ្សាយទៅបើមានកំហុស ឬចំណុចខ្វះខាតដោយអចេតនាណាមួយ លោកអ្នកអាចបំភ្លឺមកយើងខ្ញុំ ដើម្បីក្រុមការងារធ្វើការកែតំរូវ ក៏ដូចជាផ្សាយឡើងវិញតាមលេខទំនាក់ទំនងTelegram: 095 95 55 22 - 012 65 53 88 - 015 96 2727 ។
ព័ត៌មានជាតិ
Tags:
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)




No comments:
Post a Comment