ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Thursday, 6 August 2026

អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកណ្តាល.....

(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាលក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែក និងប្រធានមណ្ឌលសុខភាពជាច្រើនរូប។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងចាត់ទុកការលើកកម្ពស់សុខភាពប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត ដោយដាក់ «មនុស្ស» ជាអាទិភាពទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ឯកឧត្តមបានបញ្ជាក់ថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានរួមចំណែកធ្វើឱ្យអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋកើនឡើង កាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារក្រោមអាយុ៥ឆ្នាំ ព្រមទាំងទប់ស្កាត់ជំងឺឆ្លងសំខាន់ៗ ដូចជា ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម ជាពិសេសការថែទាំសុខភាពគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្តថា កំណើនសេដ្ឋកិច្ច និងការប្រែប្រួលប្រជាសាស្ត្រ បានធ្វើឱ្យប្រជាពលរដ្ឋមានការរំពឹងទុកកាន់តែខ្ពស់លើគុណភាពសេវាសុខាភិបាល ខណៈប្រព័ន្ធសុខាភិបាលក៏កំពុងប្រឈមនឹងការកើនឡើងនៃជំងឺមិនឆ្លង បញ្ហាសុខភាពផ្លូវចិត្ត និងតម្រូវការថែទាំមនុស្សវ័យចាស់។ ដូច្នេះ វិស័យសុខាភិបាលត្រូវតែពង្រឹងការថែទាំសុខភាពបឋម ចាប់យកបច្ចេកវិទ្យាឌីជីថល និងអនុវត្តកំណែទម្រង់ឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល។

ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ស្តាប់កង្វល់ និងឆ្លើយតបរាល់សំណួរដោយការយោគយល់ ផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការគោរព ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍សុវត្ថិភាព និងពេញចិត្តចំពោះសេវាសុខាភិបាល មួយវិញទៀតមន្ត្រីសុខាភិបាលដាច់ខាតមិនត្រូវបង្ហាញអាកប្បកិរិយារើសអើង ក្រអឺតក្រទម ឬប្រើប្រាស់តួនាទី និងនីតិវិធីវេជ្ជសាស្ត្រដើម្បីគំរាមកំហែង ឬបង្កការលំបាកដល់អ្នកជំងឺឡើយ ព្រោះការផ្តល់សេវាសុខាភិបាលត្រូវឈរលើគោលការណ៍សមធម៌ សុចរិតភាព និងមនុស្សធម៌។

ជាមួយនឹងការពង្រឹងគុណភាពសេវា ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល និងគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យអ្នកជំងឺ អ្នកស្លាប់ និងតាមដានជំងឺឆ្លងតាមរដូវ ដូចជា ជំងឺគ្រុនឈាម ករណីសត្វសេរពិសខាំឬពស់ចឹក និងជំងឺផ្សេងៗ ដើម្បីឆ្លើយតបទាន់ពេលវេលា និងកាត់បន្ថយហានិភ័យដល់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការតឹងរ៉ឹងចំពោះគ្លីនិកឯកជនដែលមិនមានច្បាប់អនុញ្ញាត រាល់ការប្រកបមុខរបរក្នុងវិស័យសុខាភិបាល ត្រូវធានាថា អ្នកប្រកបរបរទាំងអស់នោះត្រូវមានការអប់រំ មានសញ្ញាបត្រត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាការព្យាបាលប្រកបដោយសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ ហើយរដ្ឋបាលខេត្តកណ្តាលនឹងមិនអនុញ្ញាតឱ្យបុគ្គលដែលគ្មានច្បាប់ ឬគ្មានសមត្ថភាព បើកគ្លីនិកប្រកបមុខរបរក្នុងសុខាភិបាលជាដាច់ខាត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការក្រើនរំលឹក និងជំរុញឱ្យគ្រប់អង្គភាពសុខាភិបាល ត្រូវបន្តខិតខំស្វែងយល់ និងអនុវត្តនូវរាល់សូចនាករទាំង៨ ចំណុច ក្នុងវាយតម្លៃសេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ត្រូវកែតម្រូវចំណុចខ្វះខាត និងបន្តលើកកម្ពស់គុណភាពស្ថាប័ន ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ និងរួមចំណែកកសាងប្រព័ន្ធសុខាភិបាលដែលមានប្រសិទ្ធភាព សុវត្ថិភាព និងប្រកបដោយទំនុកចិត្តខ្ពស់ពីសំណាក់ប្រជាពលរដ្ឋ។







No comments:

Post a Comment