ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Tuesday, 21 July 2026

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា ចូលជួបនិងសម្ដែងការគួរសម....

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។

បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល ២ឆ្នាំនេះ គឺក្នុងយុទ្ធនាការ "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា"។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិក។

ថវិកាដែលបានពីបេសកកម្មនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តរបស់លោក ទីវ តារារិទ្ធិ ក្នុងការចូលរួមចំណែកដល់សង្គមជាតិ ជាពិសេសសម្រាប់សុខុមាលភាពរបស់កុមារកម្ពុជា។ ជំនួបនេះក៏ជាការលើកទឹកចិត្តដល់លោក ទីវ តារារិទ្ធិ ឱ្យបន្តបេសកកម្មក្នុងបុព្វហេតុកុមារកម្ពុជាទៅមុខទៀត៕








No comments:

Post a Comment