(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណេីទស្សនៈកិច្ចរបស់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ ប្រធានផ្នែកយុវជន នៃអគ្គស្នងការនយោបាយក្រសួងការពារប្រទេសវៀតណាម នៅទីបញ្ជាការកងពលតូចលេខ៧០។
លោកឧត្តមសេនីយ៍ឯក ហែម ថា មានប្រសាសន៍ថា ដំណេីទស្សនៈកិច្ចនេះបានពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-វៀតណាមអោយកាន់តែល្អប្រសើរ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍ នាយទាហានវ័យកេ្មងរវាងប្រទេសកម្ពុជា-វៀតណាម។
ជាការឆ្លើយតប លោកវរសេនីយ៍ឯក ង្វៀន ក្វាងហ៊ុយ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ លោកវរសេនីយ៍ឯក ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងឱកាសនោះដែរ ក៏មានការលេងបាល់ទះមិត្តភាពរវាងក្រុមបាល់ទះកងពលតូចលេខ៧០ និងក្រុមបាល់ទះនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមផងដែរ៕













No comments:
Post a Comment