ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ជាកម្មវិធីមួយដែលក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ សហការរៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែប្រសើរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងមុខងារសាធារណៈ បានប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៥ កម្រិតអនុវិទ្យាល័យ ចំណាត់ថ្នាក់លេខ១ ដល់លេខ១០ និងសាលាបឋមសិក្សា ចំណាត់ថ្នាក់លេខ១ ដល់លេខ១០ សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាព ចំណាត់ថ្នាក់លេខ១ ដល់លេខ១០ សម្រាប់វិស័យសុខាភិបាល។ក្នុងចំណោមនោះ ក៏មានអង្គភាពចំនួន៥ នៅក្នុងខេត្តសៀមរាប ទទួលបានជ័យលាភី ជាអង្គភាពគំរូផងដែរ។ ប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរដែនដីពិតជាមានមោទនភាពចំពោះសាលារៀន និងមណ្ឌលសុខភាព ចំនួន៥ ក្នុងខេត្តសៀមរាប ដែលទទួលជ័យលាភី ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ឆ្នាំ២០២៥។ជាក់ស្តែង ដើម្បីអបអរសាទរចំពោះអង្គភាពទាំង៥ ដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងនេះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមហែក្បួន ដើម្បីអបអរសាទរជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល ខេត្តសៀមរាប ប្រចាំឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប។ អង្គភាពទាំង៥ ដែលទទួលបានជ័យលាភី រួមមាន៖ មណ្ឌលសុខភាពគោក និងអនុវិទ្យាល័យ មិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ទទួលបានចំណាត់ថ្នាក់លេខ១ សាលាបឋមសិក្សាក្រវ៉ាន់ និងមណ្ឌលសុខភាពស្រែណូយ ទទួលបានចំណាត់ថ្នាក់លេខ៤ និងអនុវិទ្យាល័យអរញ្ញរង្សី ទទួលបានចំណាត់ថ្នាក់លេខ៩។លោក ហុង ហ៊ុយអ៊ាន នាយកអនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ក្រុងសៀមរាប បានបង្ហាញមោទកភាពយ៉ាងក្រៃលែង ក្រោយទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ផ្នែកសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៥។លោកថា៖ មុននឹងឈានទៅទទួលចំណាត់ថ្នាក់លេខ១នេះ គណៈគ្រប់គ្រងសាលារៀន សិស្សានុសិស្ស រួមទាំងសហគមន៍ផង បានខិតខំប្រឹងប្រែងរួមគ្នាជាច្រើនឆ្នាំ លើការងារអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធនានារួមទាំងការផ្តល់សេវាសាធារណៈយ៉ាងយកចិត្តទុកដាក់ រហូតអភិវឌ្ឍន៍សាលារៀន ជាសាលាគំរូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាពខ្ពស់មានការទទួលស្គាល់ពីថ្នាក់ដឹកនាំ អាណាព្យាបាលនិងបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី។អនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា បានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ក្រោយមកដោយទទួលបានការគាំទ្រសាងសង់អគារពីសប្បុរសជនជប៉ុន ក្នុងឆ្នាំ១៩៩៨ បានប្តូរឈ្មោះមកជាអនុវិទ្យាល័យ មិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា។រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការបង្រៀន និងការអភិវឌ្ឍ ចេះតែមានជាបន្តបន្ទាប់ រហូតធ្វើឱ្យអនុវិទ្យាល័យនេះ ទទួលបានជ័យលាភីថ្នាក់ជាតិ ចំនួន៣លើករួចមកហើយកាលពីឆ្នាំកន្លងទៅ ទី១. គឺជ័យលាភីសាលារៀនគំរូ , ទី២.ជ័យលាភីសាលារៀនស្អាតចំណាត់ថ្នាក់៣ទូទាំងប្រទេស , ទី៣.អង្គភាពផ្តល់សេវាសាធារណគំរូ ចំណាត់ថ្នាក់លេខ២ឆ្នាំ២០២៣ និងថ្មីៗនេះ ឈានមកទទួលបានជ័យលាភីលេខ១ទូទាំងប្រទេសផ្នែកសេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៥ ។រីឯលោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក មានទីតាំងក្នុងសង្កាត់គោកចក ក្រុងសៀមរាប ជាម្ចាស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ មណ្ឌលសុខភាពគោកចក បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ កសាងដោយមូលនិធិសកលរបស់រាជរដ្ឋាភិបាល ដោយផ្តើមចេញពីអគារមួយខ្នង៦បន្ទប់។លោកស្រីថា ដោយសារការយកចិត្តទុកដាក់ក្នុងកិច្ចការអភិវឌ្ឍជាប្រចាំ នាំឱ្យមានការកសាងហេដ្ឋារចនាសម្ព័ន្ធនានាបានវិវត្តន៍ទៅមុខ រហូតក្លាយជាមណ្ឌលសុខភាពមួយមានទាំងអគារធំទូលាយ ទីកន្លែងស្រស់ស្អាត មានសណ្តាប់ធ្នាប់អនាម័យបរិស្ថានល្អ បំពាក់ដោយឧបករណ៍បរិក្ខាទំនើបៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមគ្រូពេទ្យមានក្រមសីលធម៌ ឥរិយាបថល្អចំពោះអ្នកមកទទួលសេវា ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅសង្កាត់ តែងមកទទួលសេវាពិនិត្យព្យាបាលជាប្រចាំ។ ដោយក្នុងមួយថ្ងៃអ្នកជំងឺមិនតិចជាង១០០នាក់ឡើយបានមករកសេវានៅមណ្ឌលសុខភាព។លោកស្រី ប្រធានមណ្ឌលសុខភាពគោកចកបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៣ មណ្ឌលសុខភាពគោកចក បានទទួលចំណាត់ថ្នាក់លេខ២ទូទាំងប្រទេស ជាមណ្ឌលសុខភាពផ្តល់សេវាសាធារណៈគំរូ។ដោយសារការខិតខំប្រឹងប្រែងមិនទម្លាក់ដៃ លើការអភិវឌ្ឍមណ្ឌលសុខភាព និងការលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋាន ថ្មីៗនេះមណ្ឌលសុខភាពគោកចក ទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស ដែលត្រូវបានគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថាជាអង្គភាព ទទួលបានជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥។សមិទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងទាំងនេះ កើតចេញពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សហគមន៍ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូពេទ្យ និងបងប្អូនក្នុងសហគមន៍ផងដែរ។ចំណែកលោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី បានប្រាប់អ្នកយកព័ត៌មានយើងនៅពេលចុះទៅដល់ទីនោះថា៖ អនុវិទ្យាល័យនេះបានបើកដំណើរការអស់រយៈពេល១៧ឆ្នាំមកហើយ ដែលមានទីតាំងក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បច្ចុប្បន្នមានបុគ្គលិកអប់រំ សរុបចំនួន៤៨រូប និងមានសិស្សានុសិស្សកំពុងសិក្សាក្នុងឆ្នាំសិក្សា២០២៥-២០២៦សរុបចំនួន៥៥៩រូប ស្រី២៩៩រូប។លោកថា បន្ទាប់ពីបើកដំណើរការបានរយៈពេល៥ឆ្នាំប៉ុណ្ណោះ សាលាក៏បានចាប់ផ្តើម ចូលរួមក្នុងកម្មវិធីវាយតម្លៃឬប្រកួតប្រជែងនានា នឹងទទួលបានលទ្ធល្អជាបន្តបន្ទាប់។ជាក់ស្តែង ថ្មីៗនេះអនុវិទ្យាល័យអរញ្ញរង្សី ទទួលបានជ័យលាភីលេខ៩ទូទាំងប្រទេស ផ្នែកសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៥។ ចំណាត់ថ្នាក់នេះ គឺជាមោទនភាព និងជាការបោះជំហានទៅមុខមួយកម្រិតទៀតសម្រាប់អនុវិទ្យាល័យ ក្នុងកិច្ចខិតខំប្រឹងកសាងនិងអភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងនាពេលអនាគត។លោកនាយកអនុវិទ្យាល័យអរញ្ញរង្សី បានប្តេជ្ញាខិតខំប្រឹងប្រែង ក្នុងកិច្ចការផ្តល់សេវាសាធារណៈសម្រាប់មាតា បិតា អាណាព្យាបាលនិងសិស្សានុសិស្ស ក៏ដូចជាកសាងនិងអភិឌ្ឍន៍បន្ថែម ដើម្បីនៅឆ្នាំបន្ទាប់ ការចូលរួមប្រកួតប្រជែង ទទួលបានលទ្ធផលល្អប្រសើរជាងនេះ ខណៈលោកនាយកយល់ថា៖ ការបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងនេះឡើង ពិតជាមានសារៈសំខាន់ណាស់ដោយបានលើកទឹកចិត្តឱ្យសាលានីមួយៗខិតខំប្រឹងប្រែងផ្តល់សេវាល្អប្រសើរ ប្រកបដោយតម្លាភាពនៅថ្នាក់មូលដ្ឋាន។ការប្រកួតប្រជែងជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ មិនត្រឹមតែជាការអបអរសាទរចំពោះស្នាដៃ នៃភាពជោគជ័យរបស់អង្គភាពជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពដ៏រស់រវើកមួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាពនៃការផ្តល់សេវាអប់រំ ជូនដល់សិស្សានុសិស្ស មាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ជាក់ស្តែងក្រោមការប្រកួតប្រជែង និងការវាយតម្លៃប្រកបដោយក្រិតក្រមរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងនោះខេត្តសៀមរាបទទួលបានជ័យលាភី៥អង្គភាព: លេខ១ ចំនួន២ គឺមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា។លេខ៤ចំនួន២គឺសាលាបឋមសិក្សាក្រវ៉ាន់និងមណ្ឌលស្រែណូយ និងលេខ៩ចំនួន១គឺអនុវិទ្យាល័យអរញ្ញរង្សី។សមិទ្ធផលនេះ គឺជាកិត្តិយសរបស់អង្គភាពនីមួយៗ និងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ។ សូមឱ្យស្មារតីអង្គភាពគំរូ ក្លាយជាវប្បធម៌រួមរបស់រដ្ឋបាលសាធារណៈទាំងមូល ក្នុងការប្តេជ្ញាផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
Sunday, 26 July 2026
Home
/
ព័ត៌មានជាតិ
/
បទយកការណ៍៖ អង្គភាពចំនួន៥ក្នុងខេត្តសៀមរាប ទទួលបានជ័យលាភី "អង្គភាពផ្តល់សេវាសាធារណៈគំរូ"ក្នុងវិស័យអប់រំនិងសុខាភិបាលសម្រាប់ឆ្នាំ២០២៥......
បទយកការណ៍៖ អង្គភាពចំនួន៥ក្នុងខេត្តសៀមរាប ទទួលបានជ័យលាភី "អង្គភាពផ្តល់សេវាសាធារណៈគំរូ"ក្នុងវិស័យអប់រំនិងសុខាភិបាលសម្រាប់ឆ្នាំ២០២៥......
Tags
# ព័ត៌មានជាតិ
Morodok-Khmengwat
អង្គភាពសារព័ត៌មាន "មរតកក្មេងវត្ត" ចេញផ្សាយព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃក្នុងន័យបំរើសង្គមជារួម ដោយមិនពាក់ពន្ធ័និន្នាការនយោបាយណាឡើយ ។ ចំពោះព័ត៌មានដែលចេញផ្សាយទៅបើមានកំហុស ឬចំណុចខ្វះខាតដោយអចេតនាណាមួយ លោកអ្នកអាចបំភ្លឺមកយើងខ្ញុំ ដើម្បីក្រុមការងារធ្វើការកែតំរូវ ក៏ដូចជាផ្សាយឡើងវិញតាមលេខទំនាក់ទំនងTelegram: 095 95 55 22 - 012 65 53 88 - 015 96 2727 ។
ព័ត៌មានជាតិ
Tags:
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)








No comments:
Post a Comment