សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញនាំយកទៀនចំណាំព្រះវស្សានិងទេយ្យទាន ប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២ វត្តនៅក្នុងខេត្តកណ្តាល។ កម្មវិធីនេះបាន ប្រារព្ធធ្វើនៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ឯកឧត្តម លោកជំទាវ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ញាតិមិត្តពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ បានអញ្ជើញចូលរួម ក្នុងបរិយាកាសរីករាយប្រកបដោយសទ្ធាជ្រះថ្លាជាទីបំផុត។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានបួងសួងចំពោះព្រះរតនត្រ័យ សូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនជាបន្តទៀត។ ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ការពារបូរណភាពទឹកដី។
សម្តេចបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានទ្រទ្រង់និងប្រតិបត្តិនូវព្រះពុទ្ធសាសនា ជារហូតមក ការនាំយកទេយ្យទាន និងបច្ច័យ វេរប្រគេនចំពោះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះ មិនត្រឹមតែជាការទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះព្រះពុទ្ធសាសនា និងការបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
សម្តេចប្រធានរដ្ឋសភាបានវេរប្រគេនព្រះសង្ឃចំនួន១២វត្តមាន វត្តស្វាយជ្រុំ ក្រុងអរិយក្សត្រ, វត្តស្លាកែត ស្រុកកៀនស្វាយ, វត្តព្រែកអំបិល ស្រុកស្អាង,វត្តកោះធំ ស្រុកកោះធំ,វត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ស្រុកល្វាឯម, វត្តព្រះវិហារសួគ៌ ស្រុកខ្សាច់កណ្តាល, វត្តវិហារបិទមាស ស្រុកកណ្តាលស្ទឹង, វត្តអង្គបារាយណ៍ ស្រុកពញាឭ, វត្តត្នោត ស្រុកអង្គស្នួល, វត្តឫស្សីជ្រោយ ស្រុកមុខកំពូល និង វត្តកំពង់ថ្កល ក្រុងសំពៅពូនក្នុងមួយវត្តបច្ច័យចំនួន ២លានរៀល ទៀនព្រះវស្សាមួយគូរ ទេយ្យទានជាចង្ហាន់និងរបស់របរប្រើប្រាស់ជាច្រើនទៀត។ ចំពោះវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនបច្ច័យចំនួន ១៩លានរៀល។ សម្តេចប្រធានរដ្ឋសភា ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធនិងក្រុមចលនាស្រ្តីខេត្ត ជូនលោកតាលោកយាយចូលរួមកម្មវិធី ផងដែរ។
បុណ្យចូលព្រះវស្សាគឺជាពិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃបានសិក្សាធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើតខែកត្តិក។ នៅក្នុងរយៈពេលនៃការចូលព្រះវស្សាប្រជាបរិស័ទ តែងនាំយកនូវទេយ្យទាន សំពត់សាដក ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីវត្តអារ៉ាមនានា តាមសទ្ធាជ្រះថ្លា៕






No comments:
Post a Comment