ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Sunday, 1 November 2026

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ និងបន្តជំរុញវិធានការគន្លឹះដើម្បីពង្រឹងគុណភាពអប់រំ...


AKP ភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦​ –

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៦-២០២៧ ដែលជាថ្ងៃដ៏មានអត្ថន័យបំផុតសម្រាប់ក្មួយៗសិស្សានុសិស្សទូទាំងប្រទេស ជាពិសេសកុមារតូចៗដែលទើបដល់អាយុចូលរៀន និងសិស្សានុសិស្សដែលបានឡើងថ្នាក់ថ្មី។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរសាទរ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដោយចាត់ទុកថ្ងៃនេះថាជាឱកាសថ្មីមួយទៀតក្នុងការបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃសម្រាប់អនាគត។

ក្នុងសារលិខិតរបស់សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» ជាធនធានមិនអាចខ្វះបាន ដោយផ្តោតខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ និងសុខភាព ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃសង្គម និងបច្ចេកវិទ្យា។

ទន្ទឹមនេះ សម្ដេចបានជំរុញឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស និងយកចិត្តទុកដាក់លើកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។

សម្ដេច ក៏បានជំរុញឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ហើយសាលារៀនគ្រប់កម្រិតនឹងត្រូវអភិវឌ្ឍស្របតាមស្តង់ដាចំនួន ៥ រួមមាន៖ លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរការប្រតិបត្តិនិងរដ្ឋបាលសិក្សា, និងគណនេយ្យភាពសាលារៀន។

ជាមួយគ្នានេះ សម្តេចធិបតីបានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងបុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអនុវត្តកំណែទម្រង់រហូតទទួលបានលទ្ធផលគួរឱ្យមោទនភាព ព្រមទាំងលទ្ធផលពីការវាយតម្លៃកម្រិតតំបន់ (SEA-PLM 2024) និងកម្រិតអន្តរជាតិ (PISA 2025) កន្លងមក៕


No comments:

Post a Comment