ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Friday, 9 October 2026

ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌា ចាប់ដៃគូអនុវត្តគម្រោង QIP ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា......


ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា និងសហការីជាន់ខ្ពស់ ចូលជួបពិភាក្សាការងារ និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) ចំនួន៣សំខាន់ៗ និងពិភាក្សាការងារលើការជំរុញកិច្ចសហប្រតិបត្តិទេសចរណ៍ទ្វេភាគីកម្ពុជា និងឥណ្ឌាបន្ថែមទៀត និងកាន់តែសកម្មសម្រាប់ឆ្នាំថ្មីខាងមុខ នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបពិភាក្សាប្រកបដោយផ្លែផ្កាជាលើកទី៣ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ពីជំហរបន្តគាំទ្រដល់ក្រសួងទេសចរណ៍ ក្នុងការអនុវត្តឱ្យបានចប់ និងជោគជ័យនូវគម្រោងជំនួយទាំង៣ ក្រោមក្របខណ្ឌគម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) លើការអភិវឌ្ឍដល់សហគមន៍អេកូទេសចរណ៍ដែលបានគាំទ្រដោយរដ្ឋាភិបាលឥណ្ឌាកន្លងមក។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជានិច្ចជាកាលតែងតែជួយឧបត្តម្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការផ្តល់នូវជំនួយអភិវឌ្ឍសម្រាប់គម្រោងដែលមានឥទ្ធិពលរហ័ស (Quick Impact Projects-QIP) លើកកម្ពស់សកម្មភាពអេកូទេសចរណ៍នៅសហគមន៍អេកូទេសចរណ៍ផាត់សណ្ដាយនៃខេត្តកំពង់ធំ, នៅសហគមន៍អេកូទេសចរណ៍ទួលព័ន្ធតាឡីបឹងស្នេហ៍នៃខេត្តព្រៃវែង ព្រមទាំងគម្រោងអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃ (Mobile App) ដើម្បីលើកកម្ពស់ផ្សព្វផ្សាយពីសក្ដានុពល និងផលិតផលនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេសក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ នឹងសហការរួមគ្នាជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់អនុវត្តការងារបន្តតាមផែនការដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បបិទបញ្ចប់គម្រោងទាំង៣ខាងលើ ឱ្យបានជោគជ័យ និងប្រកបដោយផ្លែផ្កាដល់ប្រជាជនក្នុងសហគមន៍ទេសចរណ៍។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតពីការត្រៀមលក្ខណៈជាស្រេចរបស់វិស័យឯកជនរបស់កម្ពុជា ដើម្បីឆើ្លយតបនឹងកំណើនភ្ញៀវទេសចរឥណ្ឌាដែលរំពឹងនឹងកើនឡើងជាមួយការហោះហើរត្រង់រវាងទីក្រុង Kolkata និងខេត្តសៀមរាបឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines ព្រមទាំងកត្តាសុខសុវត្តិភាព ការអភិវឌ្ឍគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប ជាពិសេសបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់ដូចជាបងប្អូនបង្កើតរួមវប្បធម៌អរិយធម៌ និងប្រវតិ្តសាស្រ្តគ្នារាប់ពាន់ឆ្នាំមកហើយ។




No comments:

Post a Comment