នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន បានជួបប្រជុំពិភាក្សាយ៉ាងលម្អិតលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូប។
ក្នុងស្មារតីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ពិសេសការអនុវត្ត វិធានការគន្លឹះទី២ ស្តីពីការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ក្រសួងព័ត៌មានបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមុខងារសាធារណៈ។ កិច្ចសហការនេះ ធ្វើឡើងស្របតាមអភិក្រមដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» សំដៅលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។
កិច្ចពិភាក្សាលើសេចក្តីព្រាងប្រកាសនាពេលនេះ គឺផ្តោតសំខាន់លើការធានាឱ្យការរៀបចំរចនាសម្ព័ន្ធរបស់អង្គភាពចំណុះនីមួយៗ មានភាពសមស្របទាំងស្រុងទៅនឹងតួនាទី និងភារកិច្ចជាក់ស្តែង។
ការកំណត់មុខងារ និងរចនាសម្ព័ន្ធបានច្បាស់លាស់ នឹងជួយលុបបំបាត់ទាំងស្រុងនូវភាពត្រួតស៊ីគ្នា ឬការស្ទួនមុខងារ ដែលជាកត្តាស្នូលក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារស្ថាប័ន និងឆ្លើយតបយ៉ាងសកម្មទៅនឹងការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕






No comments:
Post a Comment