នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍ ៣២ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៦) និងបំពាក់ឋានន្តរសក្តិជូនយោធិន នៅទីបញ្ជាការកងពលតូចលេខ៧០។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា សមិទ្ធិផលដ៏ធំធេងរបស់កងពលតូចលេខ៧០សម្រេចបានរយៈពេល៣២ឆ្នាំ ក្នុងកិច្ចការពារជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានការពារសុខសន្តិភាព ស្ថេរភាពនយោបាយក្នុងរាជធានីភ្នំពេញ ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ជាពិសេសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ កងពលតូចលេខ៧០ ក៏មានសមិទ្ធផលជាច្រើនទៀតដូចជា អគារប្រពៃណីតេជោសន្តិភាព អគារពហុបំណង អគារមន្ទីពេទ្យមណ្ឌលសុខភាព សាលប្រជុំ អាគារស្នាក់នៅ អាគារធ្វើការ អគារហ្វឹកហ្វឺន អាគារចំណតរថយន្ដ អគារអាហារដ្ឋាន អគារហាត់ប្រាណ អគារផលិតទឹកស្អាត រោងបាយ ទំនប់បង្ហៀទឹក និងការបង្ករបង្កើនផល ការចិញ្ចឹមសត្វ ដើម្បីធានាអោយជីវភាពរបស់កងទ័ពអោយមានភាពល្អប្រសើរឡើង។ ជាពិសេស កងពលតូចលេខ៧០ បានចូលរួមសកម្មភាពមនុស្សធម៌តាមរយះកងប្រតិបត្តិការរុក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ដូចជាគ្រោះទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍ គ្រោះបាក់រលំអគារ គ្រោះអគ្គីភ័យ បាញ់ថ្នាំសម្លាប់មុសតាមបណ្តាខេត្តក៏ដូចជាក្នុងរាជធានីភ្នំពេញ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដូចជា៖ ចាក់វ៉ាក់សាំងកូវីត-១៩តាមបណ្តាខេត្ត និងនៅក្នុងរាជធានីភ្នំពេញ បោសសម្អាតមីន ការបង្ក្រាបបទល្មើសនេសាទតាមបណ្តាខេត្តជាប់បឹងទន្លេសាប និងចូលរួមការពារមូរណភាពទឹកដីក្នុងព្រឹត្តិការណ៍ជម្លោះព្រំដែនកម្ពជា-ថៃ ផងដែរ។
រាល់សមិទ្ធផលដ៏ធំធេងដែលកងពលតូចលេខ៧០ សម្រេចបានគិតចាប់តាំងពីថ្ងៃបង្កើតកងពលរហូតមកទល់នឹងពេលនេះ គឺអាស្រ័យដោយសារការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់និង ការធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយការគោរពវិន័យ ការគោរពបទបញ្ជា សាមគ្គីឯកភាពគ្នាជាធ្លុងមួយគួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការគ្រប់ថ្នាក់ និងយោធិនគ្រប់រូបក្នុងការបែងចែក និងចាត់ចែងអនុវត្តការងារដោយជោគជ័យក្នុងរយៈពេលកន្លងមក។
សូមរំលឹកផងដែរថា កងពលតូចលេខ៧០ផ្តើមចេញពីវរសេនាតូចលេខ៧១ តាមសេចក្ដីសម្រេចរបស់អគ្គសេនាធិការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៧៩។ ក្រោយមក អគ្គសេនាធិការបានចេញសេចក្ដីសម្រេចពង្រីកអង្គភាពពីវរសេនាតូចលេខ៧១ ឲ្យទៅជាវរសេនាធំលេខ៧០ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៦។ វរសេនាធំលេខ៧០ ត្រូវបានកែសម្រួលមកជាកងពលតូចថ្មើរជើងលេខ៧០ តាមអនុក្រឹត្យលេខ៥១ អ.ន.ក្រចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ អគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ។ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីអនុវត្តផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកជាកងពលតូចលេខ៧០ តាមប្រកាស ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ៕








No comments:
Post a Comment