សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ចាត់ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល ជាពិសេសត្រូវពង្រឹងធនធានមនុស្ស ព្រមទាំងសម្ភារៈ សម្រាប់ឆ្លើយតប។
ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រធានបទសម្រាប់ឆ្នាំ២០២៦នេះ គឺ«ភាពធន់នឹងគ្រោះមហន្តរាយចាប់ផ្តើមពីគ្រួសារ» ជាការលើកទឹកចិត្ត ដល់ស្ថាប័ន និងប្រជាជនទាំងអស់ រួមគ្នាលើកកម្ពស់តួនាទីរបស់វិស័យឯកជន ក្នុងការកាត់បន្ថយហានិភ័យ ទាក់ទងនឹងលំនៅឋាន និងផ្តល់អំណាចដល់គ្រួសារ ជាពិសេសគ្រួសារដែលប្រឈមមុខនឹងភាពងាយរងគ្រោះខ្ពស់ ការគិតគូរអំពីហានិភ័យដើម្បីការពារខ្លួន និងពង្រឹងភាពធន់របស់សហគមន៍។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ដើម្បីឱ្យការប្តេជ្ញានេះក្លាយជាការពិត សូមអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារស្នូល និងពង្រឹង ធនធានមនុស្សនិងសម្ភារៈសម្រាប់ការឆ្លើយតប ព្រមទាំងត្រូវចូលរួមអនុវត្តផែនការសកម្មភាពជាតិស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ និងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពី ការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ឱ្យទទួលបានលទ្ធផលល្អ។ បន្ថែមពីនោះទៀត គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តពង្រឹងប្រព័ន្ធអន្តរក្រសួង ដោយធ្វើការអភិវឌ្ឍ សមត្ថភាពលើការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅតាមវិស័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគ្រប់គ្រងទឹកជំនន់ គ្រោះរាំងស្ងួត ជាមួយការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកនៅ មូលដ្ឋាននិងត្រូវចុះពិនិត្យតាមដានស្ថានភាពជីវភាព និងកម្រិតងាយរងគ្រោះតាមខ្នងផ្ទះនីមួយៗ ដើម្បីបង្កើនភាពធន់របស់ប្រជាពលរដ្ឋទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ៕ ដោយ៖ យី វិច្ឆិកា RNK





No comments:
Post a Comment