ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 21 October 2026

កម្ពុជា និងឡាវ ជំរុញការតភ្ជាប់បណ្តាញទេសចរណ៍រវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍ ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ......


ទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកជំទាវ ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងឯកអគ្គរដ្ឋទូតប្រចាំប្រទេសទាំងពីរ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរប្រមាណ ២០០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ការផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខខណ្ឌចូលប្រទេស និងនីតិវិធីពាក់ព័ន្ធ ការពង្រឹងការតភ្ជាប់មធ្យោបាយដឹកជញ្ជូន ព្រមទាំងការកែលម្អសេវាកម្ម និងបដិសណ្ឋារកិច្ច ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរកាន់តែងាយស្រួល មានសុវត្ថិភាព និងអាចទុកចិត្តបាន ដោយមានការសហការរវាងក្រសួងទេសចរណ៍ អាជ្ញាធរព្រំដែន អាជ្ញាធរដឹកជញ្ជូន និងរដ្ឋបាលខេត្តនៃប្រទេសទាំងពីរ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងជំរុញកំណើនលំហូរភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើង ដែលការតភ្ជាប់គោលដៅទេសចរណ៍ទាំងនេះ នឹងជួយបង្កើតបទពិសោធន៍ទេសចរណ៍ចម្រុះ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យធ្វើដំណើរកម្សាន្តក្នុងប្រទេសទាំងពីរក្នុងដំណើរតែមួយ ដើម្បីឆ្លើយតបនឹងគោលបំណងនៃកម្មវិធីនេះដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់គោលដៅទេសចរណ៍ឆ្លងដែន និងការបង្កើតឱកាសធុរកិច្ច និងការវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្សព្វផ្សាយរួម ការផ្គូផ្គងធុរកិច្ច ការបង្កើតភាពជាដៃគូវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ចីរភាព និងការប្រកួតប្រជែង ដោយការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ និងប្រែក្លាយការពិភាក្សាទៅជាសកម្មភាពអនុវត្តជាក់ស្តែងនេះ គឺជាកត្តាសំខាន់ក្នុងការពង្រឹងភាពជាដៃគូទេសចរណ៍កម្ពុជា-ឡាវ ដោយធានាថាប្រជាជននៃប្រទេសទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបានលើកទឹកចិត្តឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួម ដើម្បីតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងភាគខាងត្បូងនៃប្រទេសឡាវ ជាពិសេសខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដោយរួមបញ្ចូលគ្នានូវសក្តានុពលបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គរ និងប្រាសាទវត្តភូ ព្រមទាំងតំបន់ទេសភាពធម្មជាតិ និងសហគមន៍តាមដងទន្លេមេគង្គ។




No comments:

Post a Comment