ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Friday, 23 October 2026

ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីរម្លឹកខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ....


AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦--

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីរម្លឹកខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានានៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការចូលរួមរបស់កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (អ.ស.ប) បានចាប់ផ្តើមពីសេចក្តីសម្រេចដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០០៥ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេខាធិការ អ.ស.ប តាមរយៈលិខិតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងអនុសេនាធំបោសសម្អាតមីនលេខ១៣៥ ដែលមានកម្លាំងចំនួន១៣៥នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអ.ស.ប នៅសាធារណរដ្ឋស៊ូដង់ ក្នុងក្របខណ្ឌបេសកកម្ម UNMIS។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីសម្រាប់កម្ពុជាក្នុងនាមជាប្រទេសបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ កងកម្លាំងកម្ពុជាបានចេញទៅបំពេញបេសកកម្មក្នុងនាមរក្សាសន្តិភាពរបស់ អ.ស.ប មានឧបនិស្ស័យបែបមនុស្សធម៌ និងចម្រុះជាតិសាសន៍ ដើម្បីជួយសម្រាលទុក្ខវេទនារបស់ប្រជាជន និងប្រទេសនានា ដែលធ្លាប់ទទួលរងគ្រោះដោយសារសង្គ្រាមដូចកម្ពុជាដែរ។ កម្ពុជាធ្លាប់ទទួលវត្តមានបេសកកម្ម UNTAC កាលពីឆ្នាំ១៩៩៣ បានក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ អ.ស.ប នៅប្រទេសនានាដែលហែកហួរដោយសារសង្គ្រាម។

ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យកិត្យានុភាពកម្ពុជាត្រូវបានលើកកម្ពស់ស្មើសិទ្ធិ ស្មើភាព ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន តំបន់រដ្ឋបាលពិសេសអាប់យ៉េ និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ កម្លាំងមួកខៀវ នៃ ខ.ភ.ម បានបំពេញភារកិច្ច និងសហការយ៉ាងល្អជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ក្នុងស្ថានការណ៍ដែលមានភាពស្មុគស្មាញ ហានិភ័យខុសៗគ្នាក្នុងតំបន់បេសកកម្ម ទន្ទឹមនឹងការប្រឈមបង្កឡើងដោយតួអង្គរដ្ឋ និងមិនមែនរដ្ឋ ទាំងប្រពៃណី និងមិនប្រពៃណី ការប្រឈមនឹងគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងរាតត្បាត ព្យុះខ្សាច់សាហារ៉ា ។ល។ ហេតុនេះ ទាមទារឱ្យកម្លាំងរក្សាសន្តិភាពទាំងអស់ កម្លាំងត្រៀមបម្រុង និងកំពុងបំពេញបេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំក្នុងការកសាងគុណវុឌ្ឍិសមត្ថភាព ពិពិធកម្ម ចំណេះ ជំនាញ ទាំងផ្នែករឹង ទន់ ភាពធន់ យន្តការឯករាជ្យម្ចាស់ការ នៃប្រទេសបរិច្ចាគកងកម្លាំង ផ្លាស់ប្ដូរបទពិសោធន៍ប្រកបដោយសង្គតិភាព ក្នុងន័យប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅបញ្ហាចាក់ស្រេះក្នុងតំបន់បេសកកម្ម៕ 






No comments:

Post a Comment