នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាពគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ (AIPA-47) ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា សាធារណរដ្ឋហ្វីលីពីន។
អន្តរសភាអាស៊ាន (AIPA) គឺជាវេទិកាតំបន់ដ៏មានសារៈសំខាន់មួយក្នុងចំណោមស្ថាប័នពាក់ព័ន្ធនានារបស់អាស៊ាន ដែលដើរតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការនីតិប្បញ្ញត្តិក្នុងតំបន់។
AIPA ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកប្រជាជនជាស្នូល។ មហាសន្និបាត AIPA លើកទី៤៧ គ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីម៉ានីឡា ប្រទេសហ្វីលីពីន ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិយ៉ាងហ្មត់ចត់ ដើម្បីចូលរួមក្នុងមហាសន្និបាតនេះ ក្រោមមូលបទ «សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយកប្រជាជនជាស្នូល»។ ក្រៅពីមហាសន្និបាតធំ ក៏មានកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ដូចជា កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា (WAIPA) ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងពេលដំណាលគ្នានេះផងដែរ។ ព័ត៌មានលម្អិតពិស្ដារ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងផ្សាយជូននៅពេលបន្ទាប់៕




No comments:
Post a Comment