(វិមានរដ្ឋសភា)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលផ្លែផ្កានៃកិច្ចចរចា និងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម មីន អោងឡាំង (U Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោងឡាំង នៅវិមានរដ្ឋសភាម្សិលមិញនេះ សម្តេចប្រធានរដ្ឋសភា បានគូសរំលេចថា ឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗទាំង ០៤ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នា រួមមាន៖
_ វិស័យសារពើពន្ធ៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ
_ វិស័យវិនិយោគ៖ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ
_ វិស័យវប្បធម៌៖ វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌
_ វិស័យព័ត៌មាន៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
សម្តេចរដ្ឋសភាធិការធិបតី បានសង្កត់ធ្ងន់ថាលិខិតូបករណ៍គតិយុត្តទាំងនេះ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់ និងឥទ្ធិពលក្នុងការបើកច្រកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគទ្វេភាគី ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៧១ នៃទំនាក់ទំនងការទូតផ្លូវការ (១៩៥៥-២០២៦)។
ទន្ទឹមនឹងនោះ សម្តេចបានលើកឡើងពីតួនាទីស្នូលនៃ «ការទូតសភា» ក្នុងការបំពេញបន្ថែមឱ្យការទូតនីតិប្រតិបត្តិ ដោយរដ្ឋសភានៃប្រទេសទាំងពីរត្រៀមខ្លួនជាស្រេចដើម្បីជួយសម្របសម្រួល និងបើកច្រកសន្ទនាដោះស្រាយបញ្ហាប្រឈមនានា សំដៅជំរុញឱ្យការអនុវត្តកិច្ចព្រមព្រៀងទាំងនេះសម្រេចបានលទ្ធផលជាក់ស្តែងជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងសងខាង។
ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់មីយ៉ាន់ម៉ាក្នុងការបន្តថែរក្សា និងពូនជ្រំចំណងមិត្តភាពជាប្រពៃណី ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយខាងមុខ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួតថែមទៀត៕



No comments:
Post a Comment