ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Monday, 14 September 2026

ក្រសួងឧស្សាហកម្ម និងសមាគម LOSCBA ពិភាក្សាការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងកាត់បន្ថយថ្លៃឡូជីស្ទីក.....


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងសមាគមអាជីវកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) ដើម្បីពិភាក្សាភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ការស្វែងរកប្រភពផ្គត់ផ្គង់ក្នុងស្រុក ការប្រមូលផ្តុំទំនិញដឹកជញ្ជូន និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឡូជីស្ទីក។

ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើសារសំខាន់នៃការអភិវឌ្ឍសេវាវិជ្ជាជីវៈ និងប្រព័ន្ធឡូជីស្ទីកដែលអាចទុកចិត្តបាន សម្រាប់ពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា បន្ថែមលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តមបានលើកឡើងថា៖ ”ភាពប្រកួតប្រជែងមិនអាស្រ័យលើតម្លៃតែមួយមុខទេ។ សិង្ហបុរីមិនមែនជាប្រទេសដែលមានថ្លៃឡូជីស្ទីកទាបទេ ប៉ុន្តែហេតុអ្វីបានជាគេអាចប្រកួតប្រជែងជាសកលបាន? គឺដោយសារគេមានប្រព័ន្ធដែលអាចជឿទុកចិត្តបាន មានស្តង់ដា និងតម្លាភាព។ ការកសាងប្រព័ន្ធបែបនេះ គឺពិតជាសំខាន់ណាស់សម្រាប់កម្ពុជា។”

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាគមប្រើប្រាស់ទិន្នន័យប្រតិបត្តិការរបស់សមាជិក ដើម្បីកំណត់បញ្ហាកកស្ទះក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ហានិភ័យនៃប្រភពផ្គត់ផ្គង់ និងឱកាសកាត់បន្ថយថ្លៃដើម ព្រមទាំងប្រើប្រាស់បទពិសោធន៍ជាក់ស្តែង សម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលសម្រាប់ប្រមូលផ្តុំទំនិញដឹកជញ្ជូនរបស់សហគ្រាសធុនតូច និងមធ្យម និងអ្នកនាំចេញកម្ពុជា ដើម្បីអនុញ្ញាតឱ្យទំនិញបរិមាណតូចៗអាចប្រមូលផ្តុំ និងដឹកជញ្ជូនបានកាន់តែមានប្រសិទ្ធភាព។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមអាជីវកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា សមាគមកំពុងពង្រឹងសេវារបស់សមាជិកប្រកបដោយវិជ្ជាជីវៈ និងដើរតួនាទីជាស្ពានភ្ជាប់រវាងអាជីវកម្ម និងរាជរដ្ឋាភិបាល។

លោកបានបន្ថែមថា៖ “យើងចង់ឱ្យសមាជិករបស់យើងមានវិជ្ជាជីវៈកាន់តែខ្ពស់ មានស្តង់ដាត្រឹមត្រូវ... យើងមិនចង់ឱ្យគេមើលមកយើងថាគ្រាន់តែជាអ្នកដឹកជញ្ជូនធម្មតាទេ ប៉ុន្តែជាអ្នកផ្តល់សេវាកម្មដែលមានគុណភាព និងទំនុកចិត្ត។” លោកក៏បានលើកឡើងពីតម្រូវការក្នុងការភ្ជាប់ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែប្រសើរ ដើម្បីឱ្យអាជីវកម្មអាចស្វែងរកធាតុចូលផលិតកម្មពីក្នុងស្រុកកាន់តែច្រើន បង្កើនវត្ថុធាតុដើមក្នុងស្រុក និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ខណៈកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហការដំណោះស្រាយបច្ចេកវិទ្យា លើវិធានការកាត់បន្ថយពេលវេលា និងថ្លៃដើមក្នុងប្រតិបត្តិការឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងវិស័យឧស្សាហកម្មកម្ពុជា។










No comments:

Post a Comment