ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Wednesday, 16 September 2026

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីត្រៀមការងារផ្សព្វផ្សាយសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ.....

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជា

ប្រធានអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ បាន

អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងត្រៀម

លក្ខណៈការងារសំខាន់ៗ សម្រាប់ការរៀបចំកិច្ចប្រជុំ

កំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie

 Summit) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦

 ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីពិនិត្យ និងជំរុញការអនុវត្តភារកិច្ចរបស់អនុគណៈកម្មការឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ។

ក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងត្រៀមលក្ខណៈការងារសំខាន់ៗ ដើម្បីឱ្យអនុគណៈកម្មការទី៣ អាចបំពេញភារកិច្ចដែលបានកំណត់ទាំង ៩ចំណុច ប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ។

ភារកិច្ចសំខាន់ៗទាំង ៩ចំណុច រួមមាន៖ ការរៀបចំ ចងក្រង និងផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦; រៀបចំ និងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍អម; រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ; ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំ; សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាន មុន អំឡុងពេល និងក្រោយកិច្ចប្រជុំ; ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីផ្សព្វផ្សាយកិច្ចប្រជុំទៅកាន់ពិភពលោក; គ្រប់គ្រងការចុះឈ្មោះ និងការផ្តល់បណ្ណសម្គាល់ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ; គ្រប់គ្រងការងារពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងគេហទំព័រសម្រាប់ចុះឈ្មោះអ្នកសារព័ត៌មាន; ព្រមទាំងគ្រប់គ្រង និងសម្របសម្រួលអ្នកសារព័ត៌មាន និងរៀបចំបច្ចុប្បន្នភាព ឬបទបង្ហាញជូនអង្គទូតពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រៅពីការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកិច្ចប្រជុំ គោលដៅសំខាន់មួយទៀត គឺការផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់សាធារណជនអន្តរជាតិ តាមរយៈអ្នកសារព័ត៌មានដែលអញ្ជើញមកជាមួយគណៈប្រតិភូ និងតាមរយៈស្ថាប័ន ឬទីភ្នាក់ងារសារព័ត៌មាននានា។

ជាមួយគ្នានេះ អនុគណៈកម្មការទី៣ នឹងផ្តោតលើការផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា ការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាព និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ព្រមទាំងជំរុញកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅប្រទេស ដើម្បីចូលរួមផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាជំនួបរវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិក និងអ្នកសង្កេតការណ៍របស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាសំខាន់ៗ ដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយសម្រាប់កម្ពុជា ដោយមានការចូលរួមពីសមាជិកប្រមាណ ៩០ប្រទេស និងអ្នកសារព័ត៌មានអន្តរជាតិជាង ១ពាន់នាក់។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់កម្ពុជាបង្ហាញសក្តានុពល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕





No comments:

Post a Comment