AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តារួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ ឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅសមរម្យតាមសហគមន៍នីមួយៗ។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ចេញផ្សាយថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងព្រះរាជសារ ព្រះអង្គ បានសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ ព្រះករុណា ព្រះមហាក្សត្របានគូសបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតម្លៃ សេចក្តីថ្លៃថ្នូរ សិទ្ធិ និងតួនាទីរបស់មនុស្សចាស់ក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះមនុស្សជំនាន់មុន ដែលបានបន្សល់ទុកកេរមរតកចំណេះដឹង និងបានចូលរួមចំណែកដ៏មានតម្លៃក្នុងការកសាងគ្រួសារ សង្គម និងប្រទេសជាតិ។
ព្រះករុណាក៏បានគូសបញ្ជាក់ទៀតថា ការប្រារព្ធទិវានេះមានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជា គ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់អំពីការគោរព ថែទាំ និងយកចិត្តទុកដាក់ចំពោះឪពុកម្តាយ ជីដូនជីតា និងមនុស្ស ចាស់ក្នុងគ្រួសារ ដែលសុទ្ធសឹងជាអ្នកមានគុណដ៏ធំធេងចំពោះកូនចៅ តាមរយៈការផ្តល់កំណើត ការបីបាច់ថែរក្សា ការថែទាំ និងអប់រំ។ ទន្ទឹមនេះ លោកជាអ្នកមានគុណ បានលះបង់អស់ពីកម្លាំងកាយចិត្តក្នុងការ ចិញ្ចឹមកូនចៅ ព្រមទាំងជាឃ្លាំងចំណេះដឹង និងបទពិសោធច្រើនដ៏មានតម្លៃ ដែលបានឆ្លងកាត់ជីវិត ប្រវត្តិ ព្រឹត្តិការណ៍ ទំនៀមទម្លាប់ និងវប្បធម៌នៅតាមសហគមន៍នានា។ ព្រះអង្គ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់ មេត្តា រួមគ្នាយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ ឱ្យទទួលបានចំណីអាហារ ការថែទាំ និងទីស្នាក់នៅសមរម្យតាមសហគមន៍នីមួយៗ។ ការរៀបចំជាមណ្ឌលមនុស្សចាស់ ឬប្រើប្រាស់ទីវត្តអារាម និងវិហារសាសនា តាមលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ ទីជម្រក អាហារ និងការគាំទ្រចាំបាច់ជាដើម បានបង្ហាញស្មារតីដឹងគុណ កតញ្ញូ ក្តីស្រឡាញ់ និងការគោរព ព្រមទាំងរួមចំណែកថែរក្សាតម្លៃគ្រួសារ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសាមគ្គីភាពក្នុងសង្គមខ្មែរ ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ ដើម្បីកសាងសង្គមមួយដែលមនុស្សគ្រប់វ័យរស់នៅដោយសុខដុមរមនា ប្រកបដោយភាពកក់ក្តៅ និងសេចក្តីថ្លៃថ្នូរ។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ ក៏បានឧទ្ទិសឱ្យស្មារតី នៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ស្ថិតក្នុងដួងព្រលឹង នៃកុលបុត្រកុលធីតាខ្មែរគ្រប់រូបតរៀងទៅ៕ ដោយ៖ ជឹម ណារី


No comments:
Post a Comment