នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុន XO TEX Industrial Co., Ltd. ដោយមានការទទួលស្វាគមន៍ពីលោកស្រី Emily Sun Joo Kaisen នាយិកាជាន់ខ្ពស់ និងជាប្រធានប្រចាំប្រទេសទទួលបន្ទុកប្រតិបត្តិការស្វែងរកប្រភពផ្គត់ផ្គង់ នៃក្រុមហ៊ុន Adidas និងលោក Ching Kelvin ប្រធានក្រុមហ៊ុន XO TEX Industrial Co., Ltd. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុន។
ទស្សនកិច្ចនេះក៏បានផ្តល់ឱកាសដល់ភាគីទាំងពីរ ពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន រួមមានការបញ្ជាទិញ សកម្មភាពនាំចេញ បញ្ហាប្រឈមក្នុងការធ្វើធុរកិច្ច និងផែនការអភិវឌ្ឍនាពេលអនាគត។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរក្រុមហ៊ុនចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលគិតគូរដល់បរិស្ថាន ប្រសិទ្ធភាពថាមពល ការអនុវត្តផលិតកម្មទំនើប និងសុខុមាលភាពរបស់កម្មករនិយោជិត។ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការអនុលោមតាមលក្ខខណ្ឌការងារ ព្រមទាំងស្តង់ដារអន្តរជាតិពាក់ព័ន្ធនឹងបរិស្ថាន និងផលិតកម្ម មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពប្រកួតប្រជែង និងកិត្យានុភាពនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជានៅលើទីផ្សារអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេឡិចត្រូនិក (e-Certificate of Origin) ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ជាពិសេសតាមរយៈការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីធានាបាននូវតម្លាភាព ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងធានាការអនុលោមតាមលក្ខខណ្ឌតម្រូវនៃវិធានដើមកំណើតទំនិញក្រោមនិងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ការអភិវឌ្ឍជំនាញរបស់កម្មករនិយោជិត ការលើកកម្ពស់ផលិតភាព កិច្ចគាំពារបរិស្ថាន ព្រមទាំងការអនុលោមតាមស្តង់ដារអន្តរជាតិ និងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕






No comments:
Post a Comment