ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Saturday, 26 September 2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ សិស្សជោគជ័យក្នុងការសិក្សាត្រូវចងចាំគុណូបការៈនៃអ្នកមានគុណ និងថ្នាក់ដឹកនាំជាតិ....


ខេត្តព្រៃវែង៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ឱ្យរក្សាស្មារតីដឹងគុណជានិច្ចចំពោះលោកឪពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងក្រុមការងារដែលបានខិតខំផ្តល់ឱកាស និងជ្រោមជ្រែងឱ្យពួកគេទទួលបានការអប់រំប្រកបដោយសមធម៌។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការអប់រំនៅខេត្តព្រៃវែង និងទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រួមនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍វិស័យអប់រំយ៉ាងខ្លាំងក្លា។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សទាំងអស់ ដែលទើបបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា ឱ្យបន្តការតស៊ូក្រេបជញ្ជក់ចំណេះដឹង និងជំនាញថ្មីៗបន្ថែមទៀតនៅកម្រិតឧត្តមសិក្សា ដើម្បីក្លាយជាយុវជនដែលមានសក្ដានុពលខ្ពស់សម្រាប់ចូលរួមអភិវឌ្ឍជាតិ។

ក្រៅពីការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសីលធម៌ និងគុណធម៌ក្នុងសង្គម ដោយទូន្មានឱ្យសិស្សានុសិស្សចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ធនធានមនុស្សជំនាន់ក្រោយនឹងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ ប្រសិនបើសិស្សានុសិស្សចេះខិតខំរៀនសូត្រ និងរក្សាបាននូវភាពថ្លៃថ្នូរ។

យោងតាមរបាយការណ៍របស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ការប្រឡងឆ្នាំនេះ ខេត្តព្រៃវែងមានសិស្សជាប់និទ្ទេស A ចំនួន ១០៥នាក់, និទ្ទេស B ចំនួន ៥៨១នាក់, និទ្ទេស C ចំនួន ១.៥៧៨នាក់, និទ្ទេស D ចំនួន ២.៩៦៣នាក់ និងនិទ្ទេស E ចំនួន ៣.០៣៩នាក់។ ក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភសម្ភារ និងមធ្យោបាយធ្វើដំណើរ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបានជោគជ័យក្នុងការសិក្សាផងដែរ។


No comments:

Post a Comment