ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Monday, 7 September 2026

ប្រធាន គ.ជ.ប.៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦........


AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស នឹងប្រព្រឹត្តទៅរយៈពេល ៥៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការថ្លែងរបស់ឯកឧត្ដមប្រធាន គ.ជ.ប. បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប។

ឯកឧត្ដម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការ «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ដែលជាការងារដ៏សំខាន់ក្នុងការរៀបចំបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ឯកឧត្ដមបានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ នឹងត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។ ឯកឧត្ដមបន្ដថា ចំពោះការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៦ នឹងអនុវត្តន៍ស្របតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្ដម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា គ.ជ.ប បានរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ សម្រាប់កំណត់អត្តសញ្ញាណអ្នកបោះឆ្នោតម្នាក់ៗ ដែលមានលក្ខណៈពិសេស និងមិនដូចគ្នា។ ឯកឧត្ដមបានឱ្យដឹងទៀតថា វិធានការនេះមានគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ ពេញលេញ ត្រឹមត្រូវ មានសុវត្ថិភាព និងទាន់សម័យ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។ ឯកឧត្ដមប្រធាន គ.ជ.ប. បានបញ្ជាក់ទៀតថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងផ្តល់ជូនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត និងមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុន រួមមាន ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ គឺអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

ជាមួយគ្នានេះ ឯកឧត្ដមប្រធាន គ.ជ.ប. បានសង្កត់ធ្ងន់ថា គ.ជ.ប នឹងធ្វើការស្រង់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព ត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ឬបានផ្លាស់លំនៅឋាន ឬទីសំណាក់ទៅឃុំ សង្កាត់ផ្សេង។ ចំពោះការកែតម្រូវទិន្នន័យជីវប្រវត្តិ ដូចជា ការប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត ក៏នឹងអាចធ្វើឡើងតាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវ។ លើសពីនេះ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួមមាន៖ ការថតរូប និងផ្តិតមេដៃ នឹងត្រូវអនុវត្តន៍ចំពោះអ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ប៉ុន្តែមិនធ្លាប់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅក្នុងបញ្ជីបោះឆ្នោតពីមុនមក។

ក្នុងឱកាសនោះ ឯកឧត្ដមក៏បានគូសបញ្ជាក់បន្ថែមថា ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ក្នុងដំណើរការរៀបចំការបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោតជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ ដូច្នេះ គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន៕ 





No comments:

Post a Comment