រហូតមកដល់ពេលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ
មន្ត្រី បានអញ្ជើញចុះពិនិត្យ និងជំរុញការអភិវឌ្ឍតំបន់ទេសចរណ៍
និងរមណីយដ្ឋានថ្មីៗជាច្រើនកន្លែងដើម្បី ឱ្យសហគមន៍មូលដ្ឋាន
មានភាពជាម្ចាស់ និងអាចទាញយកផលចំណូលអតិបរមាពី
ទេសចរណ៍ដើម្បីកាត់បន្ថយភាពក្រីក្រ។
នៅចុងសប្តាហ៍កន្លងនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យស្ថានភាព នៅទីតាំងដែលគ្រោងរៀបចំ «គម្រោងលម្ហែបៃតងទេទឹកពុះ» ក្នុងខេត្តកំពង់ស្ពឺសារជាថ្មីទៀតបន្ទាប់ពីបានចុះពិនិត្យដំបូងកាលពីថ្ងៃទី៨មីនាឆ្នាំ២០២៥ដែលការចុះលើកនេះគឺដើម្បី ទទួលយកមតិយោបល់ពីប្រជាសហគមន៍លើគម្រោងអភិវឌ្ឍន៍ដែលនឹងត្រូវរៀបចំឡើងនាពេលខាងមុខ គឺដើម្បីធានាថា គម្រោងនេះពិតជានឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។
សូមរម្លឹកថាកាលពីថ្ងៃទី២ធ្នូឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យស្ថានភាព និងទស្សនាសហគមន៍ ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រមទាំងបានជួបសំណេះសំណាល ផ្ទាល់ជាមួយសហគមន៍ ពិសេសអ្នកប្រកបរបរ ជាអ្នកបើកបរកាណូត និងអុំទូកបម្រើសេវាជូនអ្នកទេសចរ ហើយសម្ដេចបវរធិបតី បានសម្រេចផ្តល់ជាដំណោះស្រាយជូនសហគមន៍នេះដើម្បីភាពរីកចំរើននិងបង្កលក្ខណៈឲ្យសហគមន៍មានលទ្ធភាពបង្កើនចំណូល។ ហើយកាលពីថ្ងៃទី៨មីនាឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានអញ្ជើញចុះពិនិត្យនិង បានជួបពិភាក្សាជាមួយប្រធានសហគមន៍ និងបានស្វែងយល់អំពីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ក្នុងការបង្កើនចំណូលតាមរយៈវិស័យទេសចរណ៍ មុនពេលរាជរដ្ឋាភិបាលរៀបចំផែនការអភិវឌ្ឍន៍តំបន់ ភ្នំខ្នងផ្សារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងខេត្តកោះកុង ឱ្យទៅជាគោលដៅទេសចរណ៍បៃតងគំរូ។
សូមរម្លឹកថាជាគោលដៅគឺរាជរដ្ឋាភិបាលបានខិតខំបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់រវាងវប្បធម៌ និងធម្មជាតិ ព្រមទាំងទាក់ទាញគម្រោងវិនិយោគឯកជនលើវិស័យកសិ-ទេសចរណ៍ និងអេកូទេសចរណ៍។ ទន្ទឹមនេះនៅរាល់ឱកាសអញ្ជើញចុះពិនិត្យតំបន់ទេសចរណ៍ សម្តេចបវរធិបតីតែងតែលើកអំពីទស្សនវិស័យស្នូលក្នុងការអភិវឌ្ឍដោយបញ្ជាក់ថាការអភិវឌ្ឍរមណីយដ្ឋានធម្មជាតិ ដាច់ខាតត្រូវរក្សាឱ្យបាននូវតុល្យភាពបរិស្ថាន មិនត្រូវអនុញ្ញាតឱ្យមានការសាងសង់សំណង់ខ្ពស់ៗខុសទម្រង់ដែលធ្វើឱ្យខូចខាតដល់ទេសភាពធម្មជាតិនោះទេ៕ អត្ថបទ ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)



No comments:
Post a Comment