ព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ កំណាត់ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨,៤០៥ គ.ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកស្រី ថាញ៉ា ម៉ៃយ័រ (TANIA MEYER) ប្រធានគ្រប់គ្រង ធនាគារពិភព លោក ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម លោកជំទាវ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យុវជន និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនរូបទៀត។
សមិទ្ធផលថ្មីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ការសាងសង់ឡើងវិញនូវខ្សែផ្លូវទាំង ៣ខ្សែនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងការប្រឈមនឹងគ្រោះទឹកជំនន់ ក៏ដូចជាដើម្បីសម្រួលដល់ការតភ្ជាប់រវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល ជំរុញការដឹកជញ្ជូនទំនិញ កសិផល និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរណ៍។ ខ្សែផ្លូវទាំងនេះគឺជាផ្លូវយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវនានាឆ្ពោះទៅកាន់ខេត្តកំពង់ចាម រាជធានីភ្នំពេញ តំបន់ព្រំដែន និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់។











No comments:
Post a Comment