ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៌ តាមរយះលេខ 012 65 53 88 / 015 96 27 27

Tuesday, 4 August 2026

អភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសប្រក្រតី ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦.....

(កំពង់ចាម)៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡងដែលមកពីបណ្តាស្រុកនានា និងត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសប្រក្រតី ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ការស្នើឡើងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានសារៈសំខាន់ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការផ្តល់សេវាស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ។ ជាពិសេស មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរក្រុងកំពង់ចាម និងអង្គភាពពាក់ព័ន្ធ ឱ្យចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយឈរលើស្មារតីសហការ និងការយោគយល់គ្នា ក្នុងគោលបំណងបង្ការមិនឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថា បេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកកាន់មណ្ឌលប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យ ក្នុងអំឡុងពេលប្រឡង ប្រកបដោយភាពរលូន និងជោគជ័យ៕





No comments:

Post a Comment